(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បង្ហាញលទ្ធផលនៃកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ។
កិច្ចប្រជុំនេះត្រូវបានប្រារព្ធឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយមាន ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក យ៉ាង ជាឈី (Yang Jiechi) ទីប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន ធ្វើជាសហប្រធានរួមគ្នា។ អនុរដ្ឋមន្រ្តីរបស់ក្រសួងពាក់ព័ន្ធរបស់ចិនជាច្រើនរូបបានចូលរួមក្នុងកិច្ចប្រជុំនេះ។
ក្រសួងការបរទេសបានប្រកាសថា កិច្ចប្រជុំបានពិនិត្យឡើងវិញនូវការរីកចំរើន នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ចាប់តាំងពីកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលលើកទី២ កាលពីខែធ្នូ ឆ្នាំ២០១៤ និងបានផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ លើការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង សំរាប់ដំណាក់កាលបន្ទាប់ទៀត ហើយបានឈានដល់ការឯកភាពមានជាអាទិ៍៖
- ពន្លឿនការចុះហត្ថលេខាលើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការកំរិតរដ្ឋាភិបាល ស្តីពីការបង្រ្កាបការជួញដូរមនុស្ស ការប្រឆាំងភេរវកម្ម និងការបង្ក្រាបការរត់ពន្ធមនុស្សជាក្រុម។
- ភាគីទាំងពីរ បានឯកភាពបន្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគីអោយបានដល់ចំនួន៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧។ ភាគីទាំងពីរឯកភាពបន្តផ្តល់ការគាំទ្រ ដល់ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
- ភាគីទាំងពីរ បានឯកភាពអោយមានការរៀបចំ និងចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»។ ភាគីទាំងពីរក៏បានឯកភាពជំរុញការរៀបចំ និងអនុវត្តគំរោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។
- ភាគីចិនស្វាគមន៍ការនាំចូលកសិផលកម្ពុជាបន្ថែមទៀតទៅកាន់ទីផ្សាររបស់ចិន តែត្រូវស្របតាមស្តង់ដា ចត្តាលីស័ក្ត និងតម្រូវការរបស់ចិន។ កម្ពុជាបានស្នើអោយចិនជួយសំរួលក្នុងការនាំកសិផលកម្ពុជា ជាច្រើនទៀតទៅចិន រួមមាន: កៅស៊ូក្រែប ដំឡូងស្ងួត ស្ករស និងម្រេច។
- ភាគីចិនបន្តផ្តល់ដល់កម្ពុជានូវជំនួយអភិវឌ្ឍន៍ និងឥណទានសម្បទាន។ ភាគីទាំងពីរបន្តជំរុញហិរញ្ញប្បទានសហប្រតិបត្តិការ សំរាប់គាំទ្រដល់គំរោងនានា ដូចមានក្នុងផែនការសហប្រតិបត្តិការ ៥ឆ្នាំ ២០១៥ - ២០១៩ ដូចដែលកម្ពុជា បានស្នើឡើង។
- ភាគីទាំងពីរបានឯកភាពបង្កើនជំនួយរបស់ចិន នៅក្នុងវិស័យដែលទាក់ទងនឹងជីវភាព រស់នៅរបស់ប្រជាជន និងគំរោងសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ ដូចជា គំរោងសាងសង់ពហុកីឡាដ្ឋានជាតិ មរតកតេជោ មន្ទីរពេទ្យ។ល។
- បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម រៀបចំកិច្ចប្រជុំក្រុមការងារចំរុះ ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មទ្វេភាគីលើកទី៣ និងជំរុញការបង្កើតយន្តការអន្តររដ្ឋាភិបាល ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកព្រៃឈើ។ ភាគីចិននឹងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើផ្នែកបច្ចេកវិទ្យាកសិកម្ម ហើយនិងជួយបណ្តុះបណ្តាលបច្ចេកទេសកសិកម្មបន្ថែមទៀត។
- ភាគីទាំងពីរបានឯកភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការតភ្ជាប់។ ភាគីចិននឹងជួយកម្ពុជា ក្នុងការបង្កើតផែនការមេតភ្ជាប់គ្រប់ជ្រុងជ្រោយសំរាប់កម្ពុជា។
- ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស លើការគ្រប់គ្រងធនធានទឹកគំរោងជលសាស្ត្រ ការគ្រប់គ្រងទឹកជំនន់ ការកាត់បន្ថយគ្រោះមហន្តរាយ និងប្រព័ន្ធធារាសាស្ត្រសន្សំទឹក។ ភាគីចិននឹងជួយកម្ពុជាក្នុងការអនុវត្តផែនការជាតិ ស្តីពីការប្រើប្រាស់គ្រប់ជ្រុងជ្រោយនៃធនធានទឹក ពន្លឿនការបង្កើតវិទ្យាស្ថានធនធានទឹក (Institute of Water Resources) និងផ្តល់ជូនកម្ពុជានូវកម្មវិធីបណ្តុះបណ្តាលជំនាញ។
- ភាគីទាំងពីរបានឯកភាព យកឆ្នាំនៃការផ្លាស់ប្តូរវិស័យអប់រំអាស៊ាន-ចិន ២០១៦ ជាកាលានុវត្តភាពសំរាប់ការអនុវត្តពេញលេញ នូវកិច្ចព្រមព្រៀងផ្លាស់ប្តូរវិស័យអប់រំកម្ពុជា-ចិន និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរនិស្សិត ការបង្រៀនភាសាការបណ្តុះបណ្តាលធនធានមនុស្ស និងការប្រាស្រ័យទាក់ទងអន្តរសាលា។
- ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ជំរុញភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជាកាន់តែច្រើនឡើង ហើយនិងបង្កើនផ្លូវហោះហើរ និងជើងហោះហើររវាងប្រទេសកម្ពុជា និងចិន។
- ភាគីចិននឹងបន្តការជួសជុលប្រាសាទតាកែវ ហើយនិងពិនិត្យជ្រើសរើសតំបន់ប្រវត្តិសាស្ត្រមួយផ្សេងទៀត សំរាប់ធ្វើការជួសជុល។
- ភាគីចិនគាំទ្រកម្ពុជាក្នុងការបំពេញតួនាទីកាន់តែសំខាន់ថែមទៀតក្នុងតំបន់ និងឆាកអន្តរជាតិ ព្រមទាំងការចូលជា សមាជិកអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិច (APEC)។
- ភាគីទាំងពីរបានឯកភាព រៀបចំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសំរបសំរួលអន្តររដ្ឋាភិបាលនៅកម្ពុជា ក្នុងឆ្នាំ២០១៧៕