(កំពង់ស្ពឺ)៖ លោកឧត្ដមសេនីយ៍ឯក អ៊ុក កោសា អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ និងលោកស្រី ជៀម ម៉ាលីន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០២នេះ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនសាលាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។
អំណោយជាគ្រឿងឧបភោគ បរិភោគដែលឧត្ដមសេនីយ៍ឯក អ៊ុក កោសា និងលោកស្រី ប្រគល់ជូនសាលាស្រុកឧដុង្គ រួមមានទី១៖ អង្ករ ចំនួន១,០០០គីឡូក្រាម, ទី២៖ មី ចំនួន ៥០កេស, ទី៣៖ ទឹកស៉ីអ៉ីវចំនួន ៦០០ដប ស្មើនឹង១០០យួរ, ទី៤៖ នំបុ័ងស្នូលប៊រ ចំនួន២៤កេស ស្មើនឹង៥៧៦កញ្ចប់។
ក្នុងឱកាសនោះដែរឧត្ដមសេនីយ៍ឯក អ៊ុក កោសា បានថ្លែងថា បើទោះបីជាអំណោយទាំងនេះ វាមិនអាចជួយដោះស្រាយទុក្ខលំបាក ប្រជាពលរដ្ឋបានរយៈពេលយូរអង្វែង តែវាអាចជួយដោះស្រាយទុក្ខលំបាក ប្រជាពលរដ្ឋបានមួយរយៈពេល នេះគឺជាចូលរួមចំណែកជា មួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
យោងតាមទន្និន័យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្តីពីផលប៉ះពាល់ ខូចខាត ដោយសារគ្រោះធម្មជាតិ ទឹកជំនន់ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានបង្ហាញថា ខេត្តដែលរងផលប៉ះពាល់ដោយសារទឹកជំនន់មាន ១៩ រាជធានី-ខេត្ត ស្មើ ៧១ ក្រុង/ខណ្ឌ ក្នុងនោះ មានខេត្តពោធិ៍សាត់ ប៉ែលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគីរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ធំ និងកំពង់ឆ្នាំង។
ទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនប្រមាណ ៦១,៣៥៧ គ្រួសារ ស្មើប្រមាណ ២៤៥,៤២៨ នាក់។ ប្រជាជនជន្លៀសប្រមាណ ៧,៩៩៧ គ្រួសារ ស្មើប្រមាណ ២៦,៦០៨ នាក់។ ប៉ះពាល់ផ្ទះប្រមាណ ៥៩,២៦៨ ខ្នង។ ផ្ទះខូចខាត ៥៦ ខ្នង។ សាលាលិចទឹកប្រមាណ ៤៥៩ កន្លែង។
ស្រូវលិចទឹកប្រមាណ ១៦៩,០៨១ ហិកតា។ ដំណាំលិចទឹកប្រមាណ ៧៣,២៩១ ហិកតា។ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្រួសក្រហម ប៉ះពាល់ប្រមាណ ៣៤៤ គីទ្បូម៉ែត្រ។ ផ្លូវលំជនបទលិចទឹកប្រមាណ ១,៤៥៩ គីទ្បូម៉ែត្រ។ ស្ពានលិចទឹកប្រមាណ ២៤ កន្លែង។ ទំនប់ប៉ះពាល់ប្រមាណ ២២.៧ គីទ្បូម៉ែត្រ ។ ប្រទ្បាយមេ ប៉ះពាល់ ១៦៩.១ គីទ្បូម៉ែត្រ។ ប្រទ្បាយរងប៉ះពាល់ ១២៩.៣ គីទ្បូម៉ែត្រ។ ប្រទ្បាយស្រោចស្រពប៉ះពាល់ ៧៩.៦ គីទ្បូម៉ែត្រ។ និងច្រាំងទន្លេ ប៉ះពាល់ ៤១០ គីទ្បូម៉ែត្រ៕