(ភ្នំពេញ)៖ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សបានបង្ក្រាបបទល្មើស និងរឹបអូសរណាយន្តបានចំនួន ៤៣៣គ្រឿង រថយន្ត៩គ្រឿង គោយន្តចំនួន១០៦គ្រឿង, ម៉ូតូ ៤៦គ្រឿង រឹបអូសឈើចំនួន ៣០៣ម៉ែត្រគូប ដោះអន្ទាក់បានចំនួន ១,៦៧៧អន្ទាក់ និងរឹបអូសកាំភ្លើងកែច្នៃបានចំនួន ១០គ្រឿង។ នេះបើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ។
លោក នេត្រ ភក្ត្រា បានថ្លែងថា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន រួមនឹងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិបង្កើតឡើងដោយស្របច្បាប់ និងទទួលស្គាល់ដោយក្រសួងបរិស្ថាន បានបន្តកិច្ចសហការគ្នាក្នុងការចុះល្បាតទប់ស្កាត់ បង្ក្រាបបទល្មើស, ការពារនិងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ ដោយសង្កេតឃើញថា បទល្មើសនៅតំបន់មួយចំនួនមានការថយចុះ ដោយសារតែមានកិច្ចសហការស្អិតរមួត ជាមួយសហគមន៍តំបន់ការពារធម្មជាតិ ការបង្កើតស្នាក់ការល្បាតចល័ត ការរៀបចំផែនការល្បាតបានល្អិតល្អន់ និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបានបន្ថែមថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ គឺពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ បានចុះល្បាតបានចំនួន ១៨២៣លើក ដែលក្នុងប្រតិបត្តិការចុះល្បាតនោះ បទល្មើសធនធានធម្មជាតិចំនួន ៩៥៤ករណី ត្រូវបានបង្ក្រាប ហើយបានកសាង និងបញ្ជូនសំណុំរឿងចំនួន ៤០ករណី ទៅតុលាការ ធ្វើការអប់រំ និងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៤២០ករណី និងពិន័យអន្តរការណ៍ ៤១ករណី។
រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងរយៈពេល៩ ខែនេះ មន្ត្រីឧទ្យានុរក្សបានបង្ក្រាបបទល្មើស និងរឹបអូសរណាយន្តបានចំនួន ៤៣៣គ្រឿង រថយន្ត៩គ្រឿង គោយន្តចំនួន១០៦គ្រឿង និងម៉ូតូ ៤៦គ្រឿង រឹបអូសឈើចំនួន ៣០៣ម៉ែត្រគូប ដោះអន្ទាក់បានចំនួន ១,៦៧៧អន្ទាក់ និងដកហូតនិងរឹបអូសកាំភ្លើងកែច្នៃបានចំនួន ១០៣ គ្រឿង»។
លោកបានគូសបញ្ជាក់ថានេះ គឺជាកិច្ចខិតខំប្រឹង ប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នៃតំបន់ការពារធម្មជាតិ ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះក៏បានលើកឡើងថា ទោះបីជាមានការចុះទប់ស្កាត់ និងបង្ក្រាបទាំងយប់ទាំងថ្ងៃ ពីសំណាក់មន្ត្រីឧទ្យានុរក្ស និងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ ក៏បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូច ដូចជាការលបលួចកាប់ឈើ ការទន្ទ្រានរានយកដីធ្វើជាកម្មសិទ្ធិ ការបរបាញ់ និងការដាក់អន្ទាក់សត្វព្រៃនៅតែបន្ដកើតមាន នៅក្នុងតំបន់ព្រៃឡង់ដែលចាំបាច់ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបន្តទៀត។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មានកត្តាផ្សេងៗដែលជំរុញឱ្យមានបទល្មើសទាំងនេះក្នុងនោះរួមមាន៖ កត្ដាជីវភាពរបស់ប្រជាសហគមន៍ ដែលធ្លាប់តែពឹងអាស្រ័យទៅលើផលអនុផលព្រៃឈើ និងការទាក់ទាញ និងញុះញង់ពីសំណាក់ក្រុមឈ្មួញទុច្ចរិត គួបផ្សំនឹងចំនួនមន្រ្ដីឧទ្យានុរក្ស ដែលបានឈរជើងនៅក្នុងតំបន់នោះ នៅមានកម្រិតនៅឡើយ។ ទោះយ៉ាងណាអ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា កម្លាំងមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបយ៉ាងហ្មឺងម៉ាត់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ដែលកើតឡើងស្របតាមច្បាប់នានា។
លោក នេត្រ ភក្ត្រា ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍបានយកចិត្ដទុកដាក់ខ្ពស់លើការរៀបចំ និងពង្រឹងយន្ដការគ្រប់គ្រង ការផ្ដល់មធ្យោបាយ ឧបករណ៍ សម្ភារ ក៏ដូចជាការជួយលើកស្ទួយជីវភាព របស់ប្រជាសហគមន៍មូលដ្ឋានបន្ថែមទៀត តាមរយៈការបង្កើតមុខរបរថ្មី បង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូលការជំរុញទេសចរណ៍ធម្មជាតិជាដើម ដើម្បីធានា ប្រសិទ្ធភាពនៃការងារគ្រប់គ្រង ការពារ និងអភិរក្សតំបន់ព្រៃឡង់។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងសហការអនុវត្តគម្រោងការពារ និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ជាមួយ គម្រោងព្រៃឡង់បៃតងគាំទ្រថវិកាដោយ USAID របស់សហរដ្ឋអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ (២០១៨-២០២៣) ក្នុងទំហំទឹកប្រាក់ ២១លានដុល្លារ។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍កំពុងអនុវត្តផែនការសកម្មភាពនានា ដើម្បីធ្វើប្រសើរឡើងនូវការអភិរក្ស ជីវៈចម្រុះ និងស្ថានភាពប្រព័ន្ធអេកូឡូស៊ី នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ព្រមទាំងបង្កើតឱ្យមាននិរន្តរភាព និងសមធម៌នៃកាលានុវត្តភាព ផ្នែកសេដ្ឋកិច្ច ជីវភាពសហគមន៍ និងទុនធម្មជាតិ សម្រាប់ការវិនិយោគឡើងវិញ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»និងតំបន់កាពារធម្មជាតិជុំវិញតំបន់ព្រៃឡង់។
គម្រោងនេះ មានកិច្ចសហការជាមួយក្រសួង បរិស្ថាន ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីពង្រឹងការការពារ អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ផ្តោតលើការងារកំណត់ និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រង និងការចុះបញ្ជីដីរដ្ឋ នៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងតំបន់ការពារ ធម្មជាតិមួយចំនួនជុំវិញ តំបន់ព្រៃឡង់ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាព មន្ត្រីឧទ្យានុរក្ស ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាសហគមន៍ អភិរក្សប្រពៃណីជនជាតិដើមភាគតិច។
សូមបញ្ជាក់ថាដែនជម្រកសត្វព្រៃព្រៃឡង់ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ នៅខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីជាង៤៣ ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ៤រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ បច្ចប្បន្ននេះមានមន្ត្រីឧទ្យានុរក្សចំនួន ៨៤នាក់ បាននឹងកំពុងឈរជើងការពារនៅក្នុងនោះ ខេត្តកំពង់ធំមាន ៣៤នាក់, ខេត្តស្ទឹងត្រែងមាន ២៤នាក់ និងខេត្តក្រចេះចំនួន១២នាក់, ខេត្តព្រះវិហារ ចំនួន ១៣នាក់ ហើយសហគមន៍តំបន់ការពារធម្មជាតិមានចំនួន១៩ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដែលបានចូលរួមសហការចុះល្បាតជាមួយមន្ត្រីឧទ្យានុរក្ស។