(ភ្នំពេញ)៖ ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស នៅខណ្ឌដង្កោ រាជធានីភ្នំពេញ សរុបចំនួន ៥,៥៨៧គ្រួសារ (ស្មើនឹង២៣,៥២០នាក់) គិតត្រឹតព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានទទួលអំណោយសម្រាលទុក្ខលំបាកពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ក្នុងចំណោមពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោទាំង ៥,៥៨៧គ្រួសារនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចុះសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ដោយផ្ទាល់ ចំនួន ៣,៣៨៤គ្រួសារ ដែលមក៩សង្កាត់ នៅព្រឹកថ្ងៃទី១៨តុលានេះ និងចំនួន២,២០៣គ្រួសារ ដែលមកពីសង្កាត់ចំនួន២ បានចែករួចរាល់ កាលថ្ងៃទី១៧ ខែតុលាម្សិលមិញនេះ។
សូមបញ្ជាក់ថា អំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទទួលបានពីសប្បុរសជន បានផ្តល់ជូនគ្រួសាររងគ្រោះនីមួយៗ៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៊ីវ៣ដប, ទឹកសុទ្ធ១កេស, ឃីត១ (មុង ភួយ ខ្នើយ កន្ទេល), និងថវិកា៥ម៉ឺនរៀល។ បន្ថែមពីនេះ គ្រួសាររងគ្រោះទាំងអស់ ក៏ទទួលបានអំណោយរបស់ កាកបាទក្រហមកម្ពុជា ដែលគ្រួសារនីមួយៗទទួលបាន៖ មី ១កេស ត្រីខ១០កំប៉ុង និងទឹកសុទ្ធ ១កេស។
បន្ទាប់ពីបានជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវទេយ្យទានប្រគេនវត្តរតនៈតេជះ (ហៅវត្តកំពង់ក្តុល) រួមមាន៖ អង្ករ២០០គីឡូក្រាម, មី១០កេស, ត្រីខ៤០កំប៉ុង, ត្រីងៀត១០គីឡូក្រាម, សាច់ក្រក ១០គីឡូក្រាម, ស្ករស១០គីឡូក្រាម, ទឹកដោះគោខាប់២កេស, អូវ៉ាន់ទីន២កេស, តែ១០គីឡូក្រាម, ទឹកក្រូច១០កេស, ទឹកសុទ្ធ១០កេស, និងបច្ច័យ៣,០០០.០០០រៀល (បីលានរៀល)។
ក្នុងនោះប្រគេនព្រះចៅអធិការ៖ សាដក ១បច្ច័យ៥០ម៉ឺនរៀល ។ប្រគេនព្រះសង្ឃ២១អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ២០ម៉ឺនរៀល។ ជូនគណៈកម្មការវត្ត១១នាក់ និងតាជីយាយជី១៥នាក់ ក្នុងម្នាក់ៗថវិកា៥០,០០០រៀល និងក្រណាត់ស១ដុំ រួចជាមួយថវិកា ១០,០០០រៀល។ ជូនកូនសិស្សបម្រើព្រះសង្ឃ១០នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល៕