(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់មូលដ្ឋានទូទាំងខេត្ត ត្រូវបង្កើនការប្រុងប្រយ័ត្នបន្តទៀត ចំពោះបញ្ហាជំនន់ទឹកភ្លៀង អាយុជីវិត និងទ្រព្យសម្បត្តិនានា ពីព្រោះចាប់ពីថ្ងៃទី១៧-២១ ខែតុលានេះ នឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាបន្តទៀត ស្របពេលជាមួយទឹកជំនន់មកពីប្រទេសថៃផងដែរ។
ការចេញសេចក្ដីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែរ ពាក់ព័ន្ធនឹងបញ្ហាសម្ពាធទាបបក់មកពីសមុទ្រចិនខាងត្បូង ឆ្លងកាត់ភាគកណ្ដាលប្រទេសវៀតណាម និងបណ្ដាលឱ្យមានភ្លៀងបន្តធ្លាក់មកដល់ប្រទេសកម្ពុជា។
រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបន្តបន្ទាប់ទៀត ខណៈសកម្មភាពជួយសង្គ្រោះនេះក៏នៅតែបន្តធ្វើនៅឡើយ។
សូមបញ្ជាក់ថា គិតថ្ងៃទី១៨ ខែតុលានេះ ជំនន់ទឹកភ្លៀងបានបន្តវាយលុកប៉ះក្រុង-ស្រុកចំនួន ៦ នៃខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យមានផលប៉ះពាល់ដល់ពលរដ្ឋប្រមាណ ១៥,០០០គ្រួសារ និងប្រមាណ ២,៧០០គ្រួសារទៀត ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងប៉ះពាល់ដល់ហេដ្ឋារចនាសម្ពន្ធ និងកសិផលជាច្រើនទៀត៕