(បន្ទាយមានជ័យ)៖ លោក ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម និងលោកស្រី ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននាំយកអំណោយ និងថ្នាំពេទ្យចែកជូនប្រជាពលរដ្ឋ ៣០០គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សកម្មភាពមនុស្សធម៌នេះបានធ្វើឡើងនៅថ្ងៃ១៨ ខែតុលា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីក្រុមមន្ត្រីនៃលេខាធិការដ្ឋានគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីហែរហមជាច្រើននាក់ផ្សេងទៀតផងដែរ។

ស្ថិតនៅក្នុងពិធីប្រគល់អំណោយមនុស្សនេះលោក ស៊ាង ប៊ុនលាង បានប្រាប់ពលរដ្ឋពីតម្លៃនៃសន្តិភាព ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា តស៊ូប្រឹងប្រែងយកជីវិតទៅប្ដូរដើម្បីសុខសន្តិភាព មានការអភិវឌ្ឍ ការរីកចម្រើន តាំងពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

លោក ស៊ាង ប៊ុនលាង បានបន្តថា ទីណាមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ជួយសង្រ្គោះប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ ឬកាន់សាសនាអ្វីឡើយ ពោលគឺជួយគ្រប់ប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះទោះនៅទីណាក៏ដោយ។

លោករដ្ឋលេខាធិការក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំចាញ់បោកកលល្បិចរបស់ក្រុមមនុសបក្សប្រឆាំង ហើយសូមកុំចាញ់បោកគេដែលគេតែងតែបង្ករការញុះញង់ក្នុងទិសដៅបង្ករអសន្តិសុខ និងនាំទៅរកការវិនាសអន្តរាយ ខណៈដែលមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលយល់ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតែងតែជួយដល់ពលរដ្ឋជានិច្ចមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។

លោកបានផ្ដាំផ្ញើឲ្យពលរដ្ឋដែលកំពុងរងគ្រោះសូមរក្សាអនាម័យឲ្យបានល្អ ដោយត្រូវអនុវត្តន៍តាមវិធានការកូវីដ-១៩ របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដ្បិតរាជរដ្ឋាបាលកម្ពុជា បានមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់មែនពិត ប៉ុន្តែសូមពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ សូមចៀសវាងការប្រើប្រាស់សារធាតុញៀនផ្សេងៗ និងសូមចួលរួមគោរពច្បាប់ចរាចរឲ្យបានខ្ជាប់ខ្ជូន។

សកម្មភាពមនុស្សធម៌នេះទទួលបានការអបអរសាទរយ៉ាងពន់ពេកពីសំណាក់ប្រជាពលរដ្ឋដែលរងគ្រោះនឹងជំនន់ទឹកភ្លៀងនេះ។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានបន្តវាយលុកខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យមានផលប៉ះពាល់ដល់ពលរដ្ឋប្រមាណ ១៥,០០០គ្រួសារ និងហេដ្ឋារចនាសម្ពន្ធ រួមទាំងប៉ះពាល់កសិផលជាច្រើនផ្សេងទៀតផងដែរ៕