(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំឲ្យចាត់វិធានការតឹងរឹងទប់ស្កាត់ការដុតផាវ កាំជ្រួច និងគ្រឿងឆេះ នៅតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលឈានមកដល់នៅសប្តាហ៍ក្រោយនេះ។
ក្រសួងអប់រំ បានធ្វើការកត់សម្គាល់ថា រាល់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម នាបណ្តាឆ្នាំកន្លងទៅ បើទោះបីមានមានការហាមឃាត់ ពីអាជ្ញាធរដែនដីក្តី តែសកម្មភាពដុតផាវ កាំជ្រួច និងគ្រឿងឆេះនៅតាមគ្រឹះស្ថានសិក្សាមួយចំនួននៅតែបន្តកើតមាន ជាហេតុនាំឲ្យរំខានបំពុល បរិយាកាស និងបង្កការតក់ស្លុត ចំពោះសិក្សានុសិស្សរហូតដល់មានការដួលសន្លប់ទៀតផង។
ដើម្បីទប់ស្កាត់បញ្ហាទាំងនេះ ក្រសួងបានណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវតែអនុវត្តតាមវិធានការចំនួន ៣ចំណុច ដែលមានដូចក្នុង សេចក្តីជូនដំណឹង ដែលភ្ជាប់មកខាងក្រោម។
សូមបញ្ជាក់ថា លោក ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រកាសផងដែរថា នៅក្នុងថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីចិន-វៀតណាមនេះ មិនអនុញ្ញាតឲ្យសិស្សឈប់សម្រាកនោះឡើយ៕