(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានអះអាងថា ការទិញថ្នាំជំងឺទឹកនោមផ្អែម មកព្យាបាលដោយខ្លួនឯង នឹងនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
ការបំភ្លឺរបស់លោកស្រី បានធ្វើឡើងដោយសារសព្វថ្ងៃ មានអ្នកលក់ថ្នាំព្យាបាលទឹកនោមផ្អែមច្រើនណាស់តាម Online។ ការលក់យ៉ាងអនាធិបតេយ្យបែបនេះ នាំឲ្យមានមតិជាច្រើនចោទសួរថា តើថ្នាំទាំងនោះអាចព្យាបាលជា និងប៉ះពាល់ដល់សុខភាព ឬអត់?
ឆ្លើយតបសំណួរនេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការព្យាបាលជំងឺទឹកនោមផ្អែម គឺតម្រូវឲ្យមានការពិនិត្យព្យាបាល តាមបច្ចេកទេសវេជ្ជសាស្ត្រ ដោយគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ។ ការទិញថ្នាំមកព្យាបាលខ្លួនឯង នឹងមានគ្រោះថ្នាក់ដល់អាយុជីវិត»។
ចំពោះការផ្សព្វផ្សាយតាមអនឡាញបែបអនាធិបតេយ្យ មិនមានច្បាប់ត្រឹមត្រូវ អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវ ៤ចំណុចរួមមាន៖
១៖ ដល់បុគ្គលដែលមានបញ្ហាសុខភាព សូមកុំទិញប្រើប្រាស់ ហើយត្រូវទៅស្វែងរកការពិនិត្យព្យាបាលពីគ្រូពេទ្យជំនាញត្រឹមត្រូវ
២៖ ជនដែលផ្សាយតាមអនឡាញនូវឱសថ ឬបរិក្ខាពេទ្យ គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ត្រូវតែបញ្ឈបជាបន្ទាន់ ហើយក្រសួងនឹងចាត់ការតាមផ្លូវច្បាប់ជាធរមាន។ ត្រូវគោរពច្បាប់គ្រប់គ្រងឱសថ ដែលមានជាធរមាន ដែលគ្រប់មុខឱសថ ត្រូវតែចុះបញ្ជិកានៅក្រសួងសុខាភិបាល ហើយការផ្សព្វផ្សាយឱសថតាមរូបភាពណាក៏ដោយ ក៏ត្រូវតែមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលដែរ។
៣៖ ការផ្សាយតាមអនឡាញនេះ តម្រូវឲ្យមានការចូលរួមពីប្រជាពលរដ្ឋ សូមកុំជឿតាមការឃោសនា ឬការផ្សាយឱសថនេះឲ្យសោះ ហើយចូលរួមរាយការណ៍ជូនក្រសួងសុខាភិបាល នូវភាពមិនប្រក្រតីទាំងឡាយ ជាមួយនិងប្រភពច្បាស់លាស់ ដើម្បីជាមូលដ្ឋាននៃការស្រាវជ្រាវ និងចាត់វិធានការបានទាន់ពេល។ បើយើងមិនជឿ និងមិនទិញ គឺមិនបារម្ភដល់ហានិភ័យសុខភាព ហើយអ្នកលក់ក៏លក់មិនដាច់ យូរៗទៅឈប់ឯងហើយ។
៤៖ សូមអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ផងដែរ។ ប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប យើងពិបាកតាមរកណាស់ ទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយនៅស្រុកគេ ក៏មានការពិបាកតាមរកដូចគ្នាដែរ។ ដូច្នេះ សំខាន់គឺការចូលរួមពបុគ្គលម្នាក់ៗ កុំជឿ និងកុំទិញ។
លោកស្រីបន្ថែមថា «ក្រសួង ក៏កំពុងបន្តស្រាវជ្រាវលើករណីទាំងនេះជាបណ្តើរៗ ហើយកន្លងមកក៏បានចាត់ការផាកពិន័យ និងបិទបានមួយចំនួនហើយដែរ»៕