(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះថា រាល់តៃកុងឡាន ដែលដឹកអ្នកដំណើរបរទេសចេញពីព្រលានយន្តហោះ ហើយទម្លាក់តាមផ្លូវ ដោយមិនដឹកទៅកាន់សណ្ឋាគារ ឬមណ្ឌលសុខភាព រង់ចាំលទ្ធផលធ្វើតេស្តរកមេរោគកូវី១៩ នឹងត្រូវចាត់វិធានការតាមច្បាប់តែម្តង។
ការចេញសារព្រមានរបស់ លោកអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញ បានស្រាវជ្រាវឃើញថា មានតៃកុងឡានមួយចំនួន ដែលដឹកអ្នកដំណើរចេញពីព្រលានយន្តហោះ យកទៅដាក់នៅសណ្ឋាគារ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្ត២៤ម៉ោងនោះ បានលួចទម្លាក់អ្នកដំណើរបរទេសនៅតាមផ្លូវ ដោយមិនទាន់ដឹងលទ្ធផល ដែលនេះជាការអនុវត្តខុសអំពីវិធានការរបស់រាជរដ្ឋាភិបាល។
លោក ឃួង ស្រេង តាមរយៈអង្គភាពព័ត៌មាន Fresh News បានអំពាវនាវដល់តៃកុងឡានដឹកអ្នកដំណើរបរទេស ចេញពីព្រលានយន្តហោះទាំងអស់ បញ្ឈប់សកម្មភាពទម្លាក់អ្នកដំណើរបរទេស នៅតាមផ្លូវតទៅទៀត បើមិនដូច្នោះទេ នឹងចាត់វិធានការជាធរមាន ជាមួយគ្នានេះ។ លោកបានអំពាវនាវដល់អ្នកដំណើរទាំងអស់ចូលរួមសហការ និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
តាមវិធានការដែលដាក់ចេញដោយក្រសួងសុខាភិបាល, ជនទាំងអស់ដែលបានមកដល់កម្ពុជា នឹងត្រូវយកសំណាកទៅពិនិត្យ នៅឯព្រលានយន្តហោះ ហើយលទ្ធផលនឹងបង្ហាញជូន នៅ២៤ម៉ោងក្រោយ។ ប្រសិនបើមានអ្នកដំណើរណាម្នាក់ ក្នុងចំណោមអ្នករួមដំណើរមានផ្ទុកមេរោគកូវី១៩ នោះអ្នករួមដំណើរផ្សេងទៀត នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីពិនិត្យជាថ្មី។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែតុលានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៨៣នាក់ (ស្ត្រី៥៦នាក់ និងបុរស២២៦នាក់) ក្នុងនោះព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងកំពុងសំរាកនៅមន្ទីរពេទ្យ៣នាក់៕