(ភ្នំពេញ)៖ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃកម្ពុជា និងជាព្រះចៅអធិការវត្តថ្វាយដង្គុំ ក្នុងរាជធានីភ្នំពេញ បាននិមន្តនាំយកគ្រឿងឧបភោគបរិភោគ ទៅចែកជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារ ទឹកជំនន់ចំនួន១៨៥គ្រួសារ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុង១គ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគរួមមាន អង្ករ២០គីឡូក្រាម, មី២០កញ្ចប់, ទឹកដោះគោ ៥កំប៉ុង, ទឹកត្រី២កំប៉ុង, ទឹកស៊ីអ៊ីវ២ដប, ទឹកក្រូច ៥កំប៉ុង, តែនិងស្ករ-ស៥កញ្ចប់, ថវិកា៣ម៉ឺនរៀល។
ក្នុងឱកាសនោះ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា មានសង្ឃដីកាថា «សូមឲ្យប្រជាពុទ្ធបរិស័ទខ្មែរ និងសព្វសត្វទូទាំងប្រទេស មានតែសេចក្តីសុខ និងបានរួចផុតពីសេចក្តីទុក្ខទាំងឡាយទាំងពួង»។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់១៩រាជធានី-ខេត្ត ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ។ ជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រួសក្រហម ៣៤៤គីឡូម៉ែត្រ, ផ្លូវលំជនបទ ១,៤៥៩គីឡូម៉ែត្រ។ លិចស្ពាន ២៤កន្លែង, ប៉ះពាល់ទំនប់ជាង ២២គីឡូម៉ែត្រ, ប្រឡាយទឹកជាង ៣០០គីឡូម៉ែត្រ និងប៉ះពាល់ច្រាំងទន្លេ ៤១០ម៉ែត្រ។
គ្រោះទឹកជំនន់ដែលបង្កឡើងដោយសារទឹកភ្លៀងដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានបណ្តាលឱ្យមនុស្ស២០នាក់ហើយបានស្លាប់ និងប៉ះពាល់ប្រជាពលរដ្ឋជាង២៤ម៉ឺននាក់៕