(ភ្នំពេញ)៖ ក្នុងឱកាសប្រជាពលរដ្ឋ បាននិងកំពុងចូលរួមប្រកបដោយសុទ្ធាជ្រះថ្លា ផ្ដើមជាអង្គកឋិនទាន ប្រមូលបច្ច័យ ត្រៃចីវរ និងគ្រឿងបរិក្ខារ ដង្ហែទៅកាន់ទីអារាមនានា ដើម្បីចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី, ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង, លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, លោកស្រី អា នី្ន សម្តេចវិបុលបញ្ញា សុខអាន ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០២០នេះ បានដង្ហែអង្គកឋិនទានសាមគ្គី ចូលវត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ។

ពិធីបុណ្យកឋិនទាននេះ បានប្រារព្ធធ្វើតាមគន្លងប្រពៃណីព្រះពុទ្ធសានា ដោយនៅវេលាល្ងាចថ្ងៃ០១កើត ខែកក្តិក ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ និមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនាលុះព្រឹកថ្ងៃ០២កើត ខែ-ឆ្នាំដដែល ត្រូវនឹងថ្ងៃទី១៨ ខែតុលា ជួបជុំអ្នកផ្តើមបុណ្យ និងពុទ្ធបរិស័ទជិតឆ្ងាយ ប្រារព្ធពិធីដង្ហែអង្គកឋិនទានសាមគ្គី រួចវេរប្រគេន ព្រះសង្ឃក្រាលគ្រង តាមពុទ្ធានុញ្ញាតិ និងពុទ្ធបញ្ញាត្តិ។

បច្ច័យដែលប្រមូលបានពីអង្គកឋិនសាមគ្គីនេះ គឺមានចំនួន ៥៩,១៥៧ដុល្លារ។ បច្ច័យទាំងអស់នេះ តម្កល់ទុកកសាងសមិទ្ធផលនានា ក្នុងវត្ត វត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ។

គួរជម្រាបថា កឋិនទានគឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យហើយ ក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ។

អ្នកទទួលត្រូវតែជាភិក្ខុសង្ឃ ដែលបានគង់ចាំវស្សា ដោយចប់សព្វគ្រប់រយៈពេលបីខែ ហើយក៏ត្រូវតែជាការចូលបឋមវស្សាហើយ ត្រូវតែគ្មានជម្លោះធំដុំកើតឡើង ក្នុងចំណោមភិក្ខុសង្ឃក្នុងអារាមនោះ។ ក្នុងព្រះវិន័យបានកំណត់ច្បាស់ថា សាមណេរគ្មានសិទ្ធិទទួលកឋិនបានទេ គឺបានតែភិក្ខុហើយ បើភិក្ខុនោះមិនបានចូលវស្សា ឬបានចូលវស្សាដែរប៉ុន្តែបានធ្វើដាច់វស្សា ក៏មិនអាចទទួលកឋិនបានដែរ ហើយបើទោះជាមិនដាច់វស្សា ប៉ុន្តែភិក្ខុទាំងនោះមានជម្លោះឈ្លោះទាស់ទែងគ្នា ក៏មិនអាចទទួលកឋិនបានដែរ។

កឋិន ជាប្រភេទចីវរទាន ហេតុនេះវត្ថុដែលប្រើប្រាស់ដែលជាតួអង្គកឋិន មានតែស្បង់ចីពរ ឬសង្ឃាដី (ទីទៃពីនេះទៅហៅថាបរិវាកឋិន ឬអានិសង្សលាភហើយគេអាចនាំសម្ភារនានាទៅរួមក្នុងកឋិននេះបានតាមប្រាថ្នា)។ ប៉ុន្តែសំពត់ដែលអាចប្រើប្រាស់ជាសំពត់កឋិនបានលុះណាតែធ្វើត្រឹមត្រូវ តាមខ្នាតដែលបានកំណត់ដោយវិន័យ។

ក្នុងមួយឆ្នាំរយៈពេលដែលអាចធ្វើកឋិនបាន មានតែ២៩ថ្ងៃប៉ុណ្ណោះ គឺចាប់ពី០១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលឆ្នាំ២០២០នេះ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី ៣១ ខែតុលា ហៅថា កឋិនកាល៕