(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងលោកស្រី ជា ខេង ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បាននាំយកអំណោយផ្ទាល់ខ្លួន យកមកចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅភូមិទាំង៥ នៃឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ សរុបចំនួន២០០គ្រួសារ។
អំណោយដែលចែកជូននេះ ក្នុង១គ្រួសារៗ ទទួលបាននូវថវិកា ៤០ ០០០រៀល អង្ករ២៥ គីឡូ ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ឆៃប៉ូវ១គីឡូ ក្រាម សាប៊ូម្សៅ១ កញ្ចប់។
លោក ស៊ុយ សែម បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសម្ដេច តែងតែគិតគូរ និងបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។
លោកបានបន្តថា អំណោយនេះ គឺជាជំនួយសង្គ្រោះបឋម សម្រាប់ជូនបងប្អូនប្រជាពលរដ្ឋដោះស្រាយជីវភាពភ្លាមៗ អ្វីដែលសំខាន់ គឺការបង្កបង្កើនផល និងចិញ្ចឹមសត្វក្រោយពេលទឹកស្រកវិញ។ រាជរដ្ឋាភិបាលបានត្រៀមគ្រាប់ពូជ អ្នកបច្ចេកទេស ផ្នែកកសិកម្ម សម្រាប់ចែកជូន និងណែនាំដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ សម្រាប់បង្កបង្កើនផលក្រោយពេលទឹកស្រក៕