(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានស្នើទៅដល់ក្រុមជនពិការ ឈប់ប្រគំតន្រ្តីរៃអង្គាសប្រាក់ នៅតាមភ្លើងស្តុប និងតាមទីសាធារណៈ ដែលនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

សំណើរបស់លោក ប៉ា សុជាតិវង្ស បានធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីឧត្តមសេនីយយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងអភិបាលខណ្ឌទាំង១២ផងដែរ។

លោក ប៉ា សុជាតិវង្ស បានលើកឡើងថា «ការប្រគុំតន្ត្រីនៅតាមភ្លើងស្តុប និងនៅតាមទីសាធារណៈរបស់បងប្អូនជនពិការ ដែលបាននឹងកំពុងធ្វើសកម្មភាពរាល់ថ្ងៃ ដើម្បីរៃអង្គាសលុយពីសប្បុរសជននេះ វាពិតជាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ដែលក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ មិនអាចឲ្យពួកគាត់បន្តសកម្មភាពដូច្នេះទៀតទេ អាជ្ញាធរគ្រប់ខណ្ឌ ត្រូវណែនាំពួក គាត់ឲ្យឈប់ជាបន្ទាន់»

ជំនួសការមិនឲ្យប្រគុំតន្រ្តី លោក ប៉ា សុជាតិវង្ស បានណែនាំឲ្យមន្ត្រីរាជធានីភ្នំពេញ រួមជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ត្រូវចុះទៅដល់កន្លែងស្នាក់នៅរបស់ជនពិការ ដើម្បីពិនិត្យឲ្យបានច្បាស់ថា តើជនពិការទាំងនោះ មានអង្គកាណាជាអ្នកមើលការខុសត្រូវ ហើយមានការខ្វះខាតអ្វីខ្លះ ដើម្បីសាលារាជធានីភ្នំពេញ បានដោះស្រាយជូនពួកគាត់៕