(កណ្ដាល)៖ ក្រុមការងារសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងអាជ្ញាធរស្រុកអង្គស្នួល ខេត្តកណ្តាល បានសហការចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគទប់ស្កាត់ និងបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅអគាររដ្ឋបាលស្រុក អគាររដ្ឋបាលនគរបាលស្រុក និងនៅរោងចក្រ Bowker garment factory (Cambodia) Co.Ltd ស្ថិតនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ការបាញ់ថ្នាំនេះធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ មានការចូលរួមពីសំណាក់លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក ដាវ បុត្ររង្សី អភិបាលរងស្រុកអង្គស្នួល លោក ស៊ីវ រដ្ឋា តំណាងរោងចក្របូវឃើ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ឆ្លៀតក្នុងឱកាសនោះ លោក ដាវ បុត្ររង្សី បានថ្លែងការកោតសរសើរចំពោះ នាយករោងចក្រ សហជីព ព្រមទាំងកម្មករកម្មការនីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ដោយបានអប់រំផ្សព្វផ្សាយវិធានការអនុវត្តអនាម័យជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព ក៏ដូចជាស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកុំឲ្យជំងឺនេះរីករាលដាលនៅក្នុងសហគមន៍ និងសូមថ្លែងអំណគុណលោក សោម អូន ដែលបានដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងជំងឺកូវីដ១៩ នៅអគាររដ្ឋបាលសាលាស្រុកអង្គស្នួល និងអគាររដ្ឋបាលផ្សេងៗនៅបរិវេណជុំវិញ និងនៅរោងចក្របូវឃើ។
លោក សោម អូន បានឲ្យលើកឡើងថា ជំងឺកូវីដ-១៩នៅតែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សជាតិនៅលើពិភពលោកមិនទាន់ថមថយនៅឡើយ ហើយបើគិតត្រឹមថ្ងៃនេះ គឺនៅលើពិភពលោកមានអ្នកផ្ទុកជំងឺកូវីដជិត ៤០ លាននាក់ និងមានអ្នកស្លាប់ចំនួនជាង ១ លាននាក់។ ស្របពេលជាមួយនេះ ក្រុមជំនាញ NACC Team Against Covide-19 បាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំដល់កម្មករនិយោជិត និងប្រជាពលរដ្ឋអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍របស់រាជរដ្ឋាភិបាលអំពីវិធីការពារមិនឲ្យឆ្លងរាលដាល ព្រមទាំងបាញ់ថ្នាំបំភាយសម្លាប់មេរោគទប់ស្កាត់ ការពារការរីករាលដាលជំងឺកូវីដ-១៩ នៅតាមបណ្តាខេត្ត-រាជធានី ជាពិសេសនៅតាមបន្ទប់ជួលកម្មករ និងកន្លែងធ្វើការរបស់កម្មករ។
ក្នុងនាមអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលកម្មករ លោក សោម អូន ក៏បានលើកឡើងអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាកម្មករនៅឆ្នាំ២០២១ ដោយលោកបានបញ្ជាក់ថា បើតាមបច្ចេកទេសប្រាក់ឈ្នួលអប្បបរមានៅឆ្នាំក្រោយមិនអាចដំឡើងបានទេ ដោយសារការជះឥទ្ធិពលវិបត្តិសេដ្ឋកិច្ចពិភពលោកបង្កឡើងដោយជំងឺកូវីដ-១៩ ហើយប្រទេសជាច្រើននៅក្នុងតំបន់គឺមិនមានប្រទេសណាមួយមានផែនការដំឡើងប្រាក់ឈ្នួលនៅឆ្នាំក្រោយនេះទេ ប៉ុន្តែដោយការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការគិតគូរដល់ជីវភាពរបស់កម្មករ សម្តេចតេជោបានសម្រេចដំឡើងបន្ថែម ២ ដុល្លាទៀត គឺស្មើនឹង ១៩២ ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតវិស័យកាត់ដេរសម្លៀកបំពាក់ កាបូប និងស្បែកជើងនៅឆ្នាំ២០២១។
លោក សោម អូន បានអំពាវនាវដល់កម្មករនិយោជិតបន្តចូលរួមអនុវត្តនូវគោលការណ៍សំខាន់ៗរបស់ក្រសួងសុខាភិបាល គឺ៖ ១-ពាក់ម៉ាស់ជានិច្ចនៅពេលមានការជួបជុំ ២-រស់នៅស្អាតជាប្រចាំ និង៣-រក្សាគម្លាតសុវត្ថិភាពនៅពេលមានការជួបជុំ ជាពិសេសត្រូវសហការជាមួយភាគីនិយោជក ដើម្បីអនុវត្តនូវសេចក្តីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីវិធានការសុវត្ថិភាពនៅតាមរោងចក្រសហគ្រាសដែលអាចរងជំនន់ទឹកភ្លៀង ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។
សូមបញ្ជាក់ថា បន្ទាប់ពីសំណេះសំណាលជាមួយតំណាងសហជីព តំណាងកម្មករ ប្រធានក្រុម និងប្រធានផ្នែកចប់គណៈអធិបតីបានធ្វើទស្សនកិច្ច និងសួរសុខទុក្ខកម្មករនៅតាមចង្វាក់ផលិតកម្ម។ រោងចក្រខាងលើនេះមានកម្មករបម្រើការងារចំនួនជិត ៤,០០០ នាក់៕