(កំពង់ស្ពឺ)៖ ទោះបីជារដ្ឋបាលខេត្តកំពង់ស្ពឺបានជូនដំណឹងអំពីការផ្អាកចរាចរណ៍រថយន្តធុនធំលើកំណាត់ផ្លូវមួយចំនួនរួចហើយក្ដី ក៏ក្រុមហ៊ុនរថយន្តធុនធំៗទាំងនោះនៅតែផ្គើនមិនព្រមស្ដាប់តាម ហើយបែរជាបន្តការបើកបរបំពានដដែលជាដដែល ជាហេតុបណ្ដាលឱ្យផ្លូវដែលកំពុងជួបស្ថានភាពលំបាកស្រាប់នោះ រឹតតែរងការខូចខាតថែមទៀត។
ដោយមិនអាចបណ្ដាយឱ្យទង្វើគគ្លើននេះបន្តទៅទៀតបាន ទើបនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានចុះឃាត់រថយន្តធុនធំៗជាច្រើនគ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ ៤១ ត្រង់ម្តុំជិតផ្លូវបំបែកស្តុបថ្នល់ទទឹង។
វិធានការនេះគឺតបតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ដែលសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៤១ និងផ្លូវខេត្តលេខ ១៤១ (ចាប់ពីព្រៃផ្តៅដល់ផ្លូវខេត្តលេខ ១៣០) ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ។
ប៉ុន្តែទោះបីចេញសេចក្ដីជូនដំណឹងនេះហើយក្ដី ក៏នៅតែមានរថយន្តធំៗដែលគេសង្កេតឃើញដឹកសម្ភារសំណង់ជាច្រើនបន្តដឹកមិនគោរពតាមការជូនដំណឹងនេះសោះ ដែលកត្តានេះបានធ្វើឱ្យប៉ះពាល់ដល់ផ្លូវថ្នល់ជាច្រើនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ៕