(កំពង់ធំ)៖ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យ ហ៊ុន សែន រុងរឿង ស្ថិតនៅឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការទទួលបានម្រោងជំនួយសង្គមលើកទីមួយពីតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងធនាគារឯកទេស KB Daehan Spasialize Bank .Plc។
គម្រោងនេះត្រូវបានប្រគល់ជូនវិទ្យាល័យ ហ៊ុន សែន រុងរឿង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅសាលាស្រុកស្ទោង ក្រោមវត្តមានលោក យឹម លាត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោក គង់ សាងយ៉ុន នាយកធនាគារឯកទេស KB Daehan Spasialize Bank .Plc និងមានការចូលរួមពីលោក ឡាយ ស៊ីលី អភិបាលរងស្រុកស្ទោង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន រុងរឿង ប្រមាណជាង ១០០ នាក់។
លោក គង់ សាងយ៉ុន បានលើកឡើងថា ធនាគារឯកទេស KB មានការគិតគូរដល់សុខទុកប្រជាពលរដ្ឋ រួមជាមួយការជំរុញឱ្យមានការអភិវឌ្ឍនៅសហគមន៍ ក្នុងគោលបំណងក្នុងការបង្កើនការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពជាងមុន ខណៈការអប់រំពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាពលរដ្ឋ ដោយកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យប្រសើរឡើងនូវសមភាពក្នុងសង្គម។
លោកបានបន្តថា ធនាគាឯកទេស KB Daehan Spasialize Bank .Plc បានផ្តោតសំខាន់លើគម្រោង ៣៖
១៖ ពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែប្រសើរ តាមរយៈអាហារូបករណ៍។
២៖ ជំរុញសុខុមាលភាពសិស្សានុសិស្ស តាមរយៈការជំរុញគុណភាពទឹកប្រើប្រាស់ និងសួនបន្លែក្នុងវិទ្យាល័យ ហ៊ុន សែន រុងរឿង។
៣៖ សិស្សានុសិស្សមានសម្ភារសិក្សាគ្រប់គ្រាន់។
លោក យឹម លាត បានបន្តថា កម្មវិធីជំនួយសង្គមនេះជាសកម្មភាពមនុស្សធម៌ និងប្រកបដោយគុណភាពគុណធម៌ល្អប្រពៃក្នុងការជួយដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ជាពិសេសបានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាបន្ន ដែលបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គមក្នុងការផ្ដល់សំខាន់លើប្រព័ន្ធជំនួយសង្គម ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍធនធានមនុស្ស ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោះអាសន្នមហន្តរាយ និងសុខុមាលភាពសម្រាប់ប្រជាជនដែលងាយរងគ្រោះ ដើម្បីធានាឱ្យបាននូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះសំដៅលើកកម្ពស់សុខមាលភាព និងសាមគ្គីភាពក្នុងសង្គមព្រមទាំងការកាត់បន្ថយភាពក្រីក្រឱ្យបានឆាប់រហ័ស។
លោកតំណាងរាស្ត្របានសំណូមពរបន្ថែមទៀតដល់ធនាគាឯកទេស KB Daehan Spasialize Bank.Plc បង្កើនកិច្ចសហការថែមទៀត ក្នុងន័យលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ ព្រមទាំងបង្កើនគុណភាព និងប្រសិទ្ធភាពអប់រំ និងហេដ្ឋារចនាសម្ពន្ធសាលារៀនក្នុងខេត្តកំពង់ធំ និងស្រុកស្ទោងឱ្យល្អប្រសើរ៕