(ភ្នំពេញ)៖ ខណៈដែល លោក ញឹក ប៊ុនឆៃ បានចាកចេញទៅបង្កើតគណបក្សថ្មីមួយនោះ លោក សាយ ហាក់ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា គណបក្សហ៊្វុនស៊ិនប៉ិច តម្រូវឱ្យអនុប្រធានទី២រូបនេះ ចាកចេញតែខ្លួនប៉ុណ្ណោះ ដោយមិនមានឱ្យយកទ្រព្យសម្បត្តិណាមួយ ទៅតាមខ្លួននោះឡើយ។
លោក ញឹក ប៊ុនឆៃ អនុប្រធានទី២ នៃគណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចចាកចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ហើយប្រកាសបង្កើតគណបក្សថ្មីមួយ ឈ្មោះថា «គណបក្សខ្មែររួបរួមជាតិ» ហើយលោកអះអាងថា គណបក្សថ្មីនេះ នឹងប្រកាន់ជំហរគាំទ្រដល់របបរាជានិយម ដូចទៅនឹងគណបក្សហ៊្វុនស៊ិនប៉ិចដែរ ដោយមានរចនាសម្ព័ន្ធសមាជិកចាស់ៗរបស់លោកចូលរួម។
ក្នុងសន្នីសីទកាសែត នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក សាយ ហាក់ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពុំដែលបណ្តេញ ប៉ុន្តែទ្រង់អនុញ្ញាតបើសិនជានរណាម្នាក់ ចង់ចាកចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ហើយថា ការចាកចេញនាពេលនេះ លោក ញឹក ប៊ុនឆៃ មិនត្រូវប៉ះពាល់ទ្រព្យសម្បត្តិគណបក្សហ៊្វុនស៊ិនប៉ិចនោះទេ។ លោកលើកឡើងថា «បើគាត់ចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ទៅបង្កើតគណបក្សថ្មីហើយ ទ្រព្យសម្បត្តិទាំងអស់ជារបស់គណបក្សហ៊្វុនស៊ិនប៉ិច មិនមែនទ្រព្យរបស់គណបក្ស ឬបុគ្គលណាមួយទេដូចក្រសួងមួយ យើងមកកាន់តំណែងមួយ យើងមានឡានមួយ យើងត្រូវចាកចេញតែខ្លួនប៉ុណ្ណោះ» ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅព្រឹកមិញនេះ ក៏បានសរសេរលិខិតមួយផ្ញើជូន សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីមានវិធានការសមស្របផ្នែកសន្តិសុខ ដើម្បីរក្សាការពារកុំឱ្យជនក្រៅក្របខណ្ឌរបស់ គណបក្សហ៊្វុនស៊ិនប៉ិច ឬក្រុមបំបែកខ្លួន ទៅបង្កើតគណបក្សថ្មីនោះ ចូលកាន់កាប់ទីស្នាក់ការដែលជាអចលនទ្រព្យរបស់ គណបក្សហ៊្វុនស៊ិនប៉ិចផងដែរ៕