(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែតុលានេះ ជំនន់ទឹកភ្លៀងដែលមានប្រភពហូរមកពីប្រទេសថៃ និងទឹកភ្លៀងនៅក្នុងខេត្តផងនោះ បានជន់លិចក្រុង-ស្រុកចំនួន៦ ក្នុងចំណោម៩ក្រុង-ស្រុក ដែលបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ១៥,០០០គ្រួសារ ចំណែកជាង ២,៧០០គ្រួសារទៀត ត្រូវបានជម្លៀសទៅរកទីទួលមានសុវត្ថិភាព។
ក្នុងឱកាសចុះត្រួតពិនិត្យសកម្មភាពដឹកជញ្ជូនសម្ភារបរិក្ខារ និងស្បៀងអាហារយកទៅជួយប្រជាពលរដ្ឋ នាព្រឹកថ្ងៃអាទិត្យនេះ លោកអភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ទៀតថា រាល់ប្រជាពលរដ្ឋដែលជួបអាសន្នខ្លាំង កងកម្លាំងជួយសង្គ្រោះបានជម្លៀសពួកគាត់ ទៅរកទីទួលមានសុវត្ថិភាព ចំណែកប្រជាពលរដ្ឋមួយចំនួន ដែលមានផ្ទះខ្ពស់ៗផុតពីកម្រិតទឹកជំនន់ ក្រុមការងារក៏បានជួយរើប្រមូលរបស់របរអីវ៉ាន់ ដាក់ទៅលើធ្នើខ្ពស់ឱ្យមានសុវត្ថិភាពផុតពីទឹកផងដែរ។
លោកបានបន្តថា ប្រតិបត្តិការនេះនៅតែបន្តធ្វើជាប់ឥតដាច់ ដើម្បីជួយសម្រួលទុក្ខលំបាក ជូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ទៀតថា ដោយសារទឹកជំនន់នៅតែបន្តហូរធ្លាក់ពីប្រទេសថៃ នាពេលខាងមុខមិនយូរប៉ុន្មានទេ ជំនន់ទឹកភ្លៀងនឹងបន្តហូរធ្លាក់មកពីផ្នែកខាងលើថែមទៀត ដែលនឹងធ្វើឱ្យរងផលប៉ះពាល់គ្របដណ្ដប់ទូទាំង៩ក្រុង-ស្រុកតែម្ដង។
ក្រុង-ស្រុកដែលរងផលប៉ះពាល់ទាំង៦នោះ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបូរី ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ។ ចំណែកឯស្រុកចំនួនបី ដែលមិនទាន់រងផលប៉ះពាល់ខ្លាំង រួមមាន៖ ស្រុកភ្នំស្រុក ស្រុកស្វាយចេក និងស្រុកព្រះនេត្រព្រះ៕