(ភ្នំពេញ)៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកពិភពថ្មីគ្រុប បានឧបត្ថម្ភអង្ករចំនួន ១០០តោន ជូនសាលារាជធានីភ្នំពេញ ដើម្បីយកទៅផ្គត់ផ្គង់ និងចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង។
តំណាងពិភពថ្មីគ្រុប បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះថា អង្ករ១០០តោននេះ ដើម្បីចូលរួមចំណែកជាមួយសាលារាជធានីភ្នំពេញ ដោះស្រាយស្បៀងអាហារជូនប្រជាពលរដ្ឋកំពុងរងការជន់លិចដោយទឹកភ្លៀងនេះ។
រាជធានីភ្នំពេញ ក៏ជាទីតាំងមួយដែលកំពុងរងការជន់លិចធ្ងន់ធ្ងរផងដែរ ដោយសារតែជំនន់ទឹកភ្លៀង និងទឹកធ្លាក់មកពីភ្នំឱរ៉ាល់។ របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ទឹកជំនន់នេះ ប៉ះពាល់ខណ្ឌចំនួន៣ និងសង្កាត់ចំនួន១៣។ ប៉ះពាល់ប្រជាពលរដ្ឋជាង ៥ពាន់គ្រួសារ ហើយប្រជាពលរដ្ឋជាង ១ពាន់គ្រួសារត្រូវបានជម្លៀសពីផ្ទះសម្បែង។
ការចូលរួមឧបត្ថម្ភស្បៀងអាហារ គឺជាការងារសំខាន់បំផុតសម្រាប់ដោះស្រាយការលំបាកដោយសារទឹកជំនន់នាពេលនេះ។ ក្រៅតែពីការឧបត្ថម្ភអង្ករ អ្នកឧកញ៉ា ហុង ពីវ ក៏បានបរិច្ចាគថវិការហូតដល់ទៅ ៥០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ ដើម្បីដោះស្រាយការលំបាករបស់រាជរដ្ឋាភិបាលដោយសារទឹកជំនន់នេះ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកាយវិការចូលរួមរបស់សម្បុរសជន ដើម្បីដោះស្រាយការលំបាកកើតចេញពីជំនន់ទឹកភ្លៀងនាពេលនេះ ជាកាយវិការដ៏ល្អប្រសើរបំផុតសម្រាប់សង្គមកម្ពុជា។ ពោលកាយវិការនេះ បានបង្ហាញនៅពេលមានទុក្ខ គឺពលរដ្ឋកម្ពុជាបានរួមគ្នា ដើម្បីជម្នះរាល់ឧបសគ្គ និងបញ្ហាទាំងឡាយ៕