(បាត់ដំបង)៖ ទឹកបរិសុទ្ធ «អរុណា» ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៤៣ឡាន ស្មើនឹង ១៣,២៩០កេស ត្រូវបានដឹកដល់ខេត្តបាត់ដំបង និងប្រគល់ជូនគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង នៅព្រលប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ ទឹកបរិសុទ្ធទាំងនេះ នឹតត្រូវយកទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
លោក ងួន រតន: អភិបាលខេត្តបាត់ដំបង និងក្នុងនាមជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានថ្លែងអំណរគុណសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលតែងបន្តយកចិត្តទុកដាក់ និងតម្កល់ទុក្ខលំបាក ព្រមទាំងផលប្រយោជន៍ របស់ប្រជាពលរដ្ឋគ្រោះជាធំ និងដោះស្រាយបានទាន់ពេលវេលា។
គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ខេត្តបាត់ដំបង បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកចំនួន៩ ស្មើនឹង ៤៤ឃុំ។ ជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ១៣,២៩០គ្រួសារ ក្នុងនោះជម្លៀសចំនួន ៩៧២គ្រួសារ។
សូមបញ្ជាក់ថា ដើម្បីដោះស្រាយទឹកបរិភោគ និងជួយការពារដល់សុខភាពរបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ចេញទឹកសុទ្ធជិត ៥ម៉ឺនកេសចែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ៕