(បន្ទាយមានជ័យ)៖ នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ទឹកចាប់ផ្តើមជន់លិចនៅផ្នែកខ្លះក្នុងស្រុកថ្មពួក អូរជ្រៅ និងក្រុងប៉ោយប៉ែតហើយ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី បានប្រាប់ Fresh News តាមទូរស័ព្ទពេលកំពុងដឹកនាំកម្លាំងចុះជម្លៀសប្រជាពលរដ្ឋទាំងយប់ថា ទឹកដែលជន់លិចនៅផ្នែកខ្លះក្នុងក្រុងប៉ោយប៉ែត និងអូរជ្រៅនេះ គឺជាបរិមាណទឹកភ្លៀងនៅក្នុងប្រទេសផង និងទឹកខ្លះហូរធ្លាក់មកពីខាងប្រទេសថៃ។
បើតាមលោក អ៊ុំ រាត្រី ទឹកដែលហូរមកពីប្រទេសថៃនេះ មិនមែនជាការបើកទំនប់នោះទេ គឺជាទឹកបរិមាណទឹកភ្លៀងដែលហូរហៀរធ្លាក់មក។ ដោយឡែកទំនប់នៅក្នុងខេត្តស្រះកែវ ដែលថៃធ្លាប់ជូនដំណឹងថាបើកនោះមិនទាន់បើកនៅឡើយទេ។
បើតាមលោក អ៊ុំ រាត្រី ប្រជាពលរដ្ឋនៅប៉ោយប៉ែតប្រមាណ ៥០គ្រួសារហើយ ត្រូវបានជម្លៀសពីលំនៅឋាន។ ទន្ទឹមនឹងប្រជាពលរដ្ឋប្រឈមការលិចលង់ដទៃទៀតក៏ត្រូវបានជូនដំណឹងឱ្យត្រៀមលក្ខណៈក្នុងការជម្លៀស ខណៈកងកម្លាំងត្រូវបានណែនាំត្រៀមលក្ខណៈជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលកំពុងឈរជើងនៅខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ឱ្យដឹងដែរថា ទឹកធ្លាក់មកពីថៃបានហូរវាយលុកឃុំចំនួនពីរក្នុងស្រុកថ្មពួកខ្លាំងណាស់ផងដែរ។
ពេលនេះលោកបានបញ្ជា កងពលតូចថ្មើរជើងលេខ៥១ យោធាខេត្ត នគរបាល និងកងពលពិសេស៩១១ ទៅសង្គ្រោះប្រជាពលរដ្ឋភ្លាមៗ អមដោយទូកដែលជាអំណោយរបស់សម្តេចតេជោ។ ក្នុងនោះកងកម្លាំងខ្លះ បានជួយជញ្ជូនទ្រព្យសម្បត្តិប្រជាពលរដ្ឋដាក់ទីទួលមានសុវត្ថិភាព និងអ្នកខ្លះជម្លៀសពីផ្ទះទីទួល។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ក៏ជាខេត្តមួយដែលកំពុងរងការលិចលង់ធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀងផងដែរ។ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ បានជន់លិចក្រុង/ស្រុក ចំនួន៩ និងឃុំ/សង្កាត់ចំនួន៤៩ ហើយធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ ហើយប្រជាពលរដ្ឋជាង ២ពាន់គ្រួសារត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។
គិតត្រឹមថ្ងៃទី១៧ ខែតុលា ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ១២នាក់ បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់។ ដើម្បីដោះស្រាយការលំបាកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១៧ ខែតុលា នេះ ក៏បានសម្រេចបន្ថែមកញ្ចប់ថវិកាចំនួន ១០ម៉ឺនដុល្លារបន្ថែមទៀតទៅកាន់ខេត្តជាប់ព្រំដែនថៃមួយនេះ។ មកដល់ពេលនេះខេត្តបន្ទាយមានជ័យទទួលបានថវិកាពីសម្តេចតេជោ ២០ម៉ឺនដុល្លារហើយ៕