(ស្វាយរៀង)៖ នៅថ្ងៃទី០៤ ខែកម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ស្ថិតក្នុងភូមិមេភ្លើងសង្កាត់-ក្រុងស្វាយរៀង មានរៀបចំកិច្ចប្រជុំបួកសរុបសកម្មភាពការងារ និងរៀបចំវេទិកាសាធារណៈប្រចាំឆ្នាំ២០១៥ និងទិសដៅការងារសំរាប់ឆ្នាំ២០១៦ របស់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់ទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនេះក្រោមអធិបតីភាពលោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ក្រុង និងលោក លោកស្រីជាសមាជិកសមាជិកាចូលរួមប្រមាណជាង ២០០នាក់។
ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន មានថ្លែងថា ដើម្បីពង្រឹងប្រៀបឈ្នះខាងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែរឹងមាំបន្ថែមទៀត សូមលោកលោកស្រីក្រុមការងារគ្រប់ថ្នាក់ ជួយឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ត្រូវពង្រឹងសាមគ្គីផ្ទៃក្នុង ក្នុងក្រុមការងារដោយធ្វើការ និងពិភាក្សាគ្នា ជាសមូហភាព ឬជាក្រុមដើម្បីរួមគ្នាដោះស្រាយបញ្ហា និងសំណួរដែលប្រជាពលរដ្ឋលើកឡើង។ ត្រូវប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងស្រឡាញ់ប្រជាពលរដ្ឋ ខិតខំធ្វើតែអំពើល្អ ហើយជៀសវាងដាច់ខាតរាល់ទង្វើមិនត្រឹមត្រូវដែលបំពានលើគោលការណ៍ និងច្បាប់របស់រដ្ឋធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕