(ភ្នំពេញ)៖ ជនសង្ស័យគ្រឿងញៀន៣០នាក់ ក្នុងនោះស្រី២នាក់ រួមមានវត្ថុតាងថ្នាំញៀនជាងកន្លះគីឡូក្រាម ១២កញ្ចប់តូច និងម៉ូតូ១០គ្រឿង ត្រូវបាននគរបាលបង្ហាញមុខ នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មុនពេលបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់។
ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ប៊ន សំអាត បានបញ្ជាក់ថា ជនសង្ស័យទាំង៣០នាក់ ត្រូវបានកម្លាំងនគរបាលរបស់លោក ក្រោមបញ្ជាផ្ទាល់ពីលោកស្នងការ ចុះបង្ក្រាបនិងចាប់ខ្លួនជាបន្តបន្ទាប់ កាលពីប៉ុន្មានថ្ងៃមុន នៅតាមបណ្តាខណ្ឌក្នុងនោះក៏មាន នៅប្លុកបឹងឈូកផងដែរ។
សម្រាប់ករណីគ្រឿងញៀននេះ ត្រូវបានលោកស្នងការរងបញ្ជាក់ថា នឹងចុះស្រាវជ្រាវ និងបង្ក្រាបដូចភ្លៀងរលឹមដើម្បីចូលរួមកាត់បន្ថយ បទល្មើសមួយចំនួនដូចជា លួច ឆក់ ប្លន់ ព្រមទាំងអំពើហិង្សាជាដើម៕