(ភ្នំពេញ)៖ ជំនន់បង្កឡើងដោយទឹកភ្លៀងក្នុងរយៈពេលប្រមាណជាពីរសប្តាហ៍នេះ មិនត្រឹមតែបង្កផលប៉ះពាល់ដល់ការរស់នៅ និងផលដំណាំរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ក៏រងការខូចខាតជាច្រើនផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែតុលា ទឹកជំនន់បានធ្វើឱ្យប៉ះពាល់ដល់ផ្លូវជាតិចំនួន ២៦៣កំណាត់លើផ្លូវជាតិលេខ១ លេខ២ និងលេខ៣ ស្មើនឹងប្រវែងប្រមាណ ៣២៥គីឡូម៉ែត្រ។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោយពេលទឹកស្រកទៅវិញ លោកនឹងចុះវាយតម្លៃ ហើយធ្វើការជួសជុលឡើងវិញ ដើម្បីសម្រួលការធ្វើចរាចរណ៍ និងការពារកុំឱ្យខូចកាន់តែខ្លាំង។
ដើម្បីការពារ និងទប់ស្កាត់កុំឱ្យផ្លូវដែលលិចលង់កាន់តែខ្លាំងនោះ អាជ្ញាធរពាក់ព័ន្ធនៅតាមកំណាត់ផ្លូវដែលលិចលង់ បានហាមឃាត់រថយន្តដឹកទំនិញធ្ងន់ៗឆ្លងកាត់លើកំណាត់ផ្លូវទាំងនេះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី១៦ ខែតុលា អមដោយមន្ត្រីជំនាញរបស់ក្រសួង ក៏បានធ្វើដំណើរចុះពិនិត្យផ្លូវកំពុងរងការលិចលង់ មានដូចជាផ្លូវជាតិលេខ៣ លេខ៤១ លេខ៤ និងលេខ២ផងដែរ។
ក្នុងដំណើរអញ្ជើញចុះពិនិត្យស្ថានភាពលិចលង់នេះ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំ និងដាក់ចេញវិធានការចាំបាច់មួយចំនួន ដើម្បីបញ្ចៀសទឹក។ ក្នុងនោះនៅលើកំណាត់ផ្លូវជាតិលេខ៣ កន្លែងដែលលិចចំនួនពីរកន្លែងនៅកំពង់ទួល និងបត់រកា លោកទេសរដ្ឋមន្ត្រីបានណែនាំឱ្យរៀបរៀបថ្ម និងច្រកខ្សាច់ទប់ទឹកកុំឱ្យហូរកាត់ផ្លូវ។
ដោយឡែកនៅផ្លូវជាតិលេខ២កន្លែងលិចមានពីរចំណុចផងដែរ នៅក្នុងស្រុកសំរោង និងស្រុកបាទី។ លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យយកគ្រឿងកាយជាប្រឡាយ និងបើកមុខទឹកបង្ហូរទម្លាក់ទៅវាលទំនាប។
ក្នុងឱកាសអញ្ជើញមើលទឹកលិចផ្លូវនេះ លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់រថយន្តដឹកទំនិញធំៗបញ្ឈប់ការបើកបរលើផ្លូវកំពុងរងការជន់លិច។ លោកទេសរដ្ឋមន្ត្រីក៏សូមការយោគយល់ពីប្រជាពលរដ្ឋដែលជួបការលំបាក ឬត្រូវកកស្ទះចរាចរណ៍លើកំណាត់ផ្លូវទឹកលិចនេះផងដែរ។
បើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រៅតែពីផ្លូវជាតិទៅ ផ្លូវខេត្ត ផ្លូវលំ និងស្ពានជាច្រើនទៀត ក៏រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះផងដែរ។ របាយការណ៍បានបង្ហាញថា ផ្លូវលំជនបទលិចទឹកជាង ១ពាន់គីឡូ ស្ពានលិចទឹក ២៤កន្លែង ទំនប់ប៉ះពាល់ជាង ២១គីឡូ និងប្រឡាយទឹកប៉ះពាល់ជាង ៣៥២គីឡូម៉ែត្រ៕