(កំពង់ធំ)៖ កំណាត់ផ្លូវក្រួសក្រហមមួយខ្សែស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានទឹកហូរកាត់ដាច់ប្រវែងប្រមាណជា ៧ម៉ែត្រនៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០នេះ។
បន្ទាប់ពីកើតហេតុការណ៍ លោក យឹម លាត តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ក៏បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ ចុះចាត់ចែងសាងសង់ស្ពានឈើ ដើម្បីជួយឱ្យប្រជាពលរដ្ឋបានឆ្លងបណ្តោះអាសន្ន។ ស្ពានឈើបណ្តោះអាសន្ននេះ នឹងត្រូវសាងសង់រួចរាល់នៅយប់ថ្ងៃនេះ។
តាមរយៈសកម្មភាពនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់របស់តំណាងរាស្ត្រវ័យក្មេងជាងគេរូបនេះ ក្នុងការដោះស្រាយបញ្ហាទាំងឡាយរបស់ប្រជាពលរដ្ឋនៅឯមូលដ្ឋាន។
សូមបញ្ជាក់ថា ក្នុងខេត្តកំពង់ធំ ក៏កំពុងជួបការជន់លិចនៅតំបន់មួយចំនួនដោយសារតែកំណើនទឹកភ្លៀងយ៉ាងច្រើនលើសលុបនេះផងដែរ។ លោក យឹម លាត បានឈរជើងជាប់ជាប្រជានៅក្នុងខេត្តកំពុងធំ ដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តកំពង់ធំ ជួយដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋ៕