(ភ្នំពេញ)៖ ក្រុមហ៊ុនឡានក្រុងដឹកអ្នកដំណើរ ថោង ស៊ីង បានប្រកាសឲ្យដឹងថា នឹងមិនយកប្រាក់ថ្លៃទិញសំបុត្រ ធ្វើដំណើរពីភ្នំពេញ ទៅកាន់គ្រប់គោលដៅនានា របស់ក្រុមហ៊ុនរយៈពេល១ថ្ងៃ គឺថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីចិន-វៀតណាម និងបញ្ជាក់ថា មិនដំឡើងថ្លៃសំបុត្រឡើយ នៅឱកាសបុណ្យចូលឆ្នាំចិននេះ។
លោក យ៉ាន ស៊ីម៉ៅ តំណាងក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ថោង ស៊ីន បានប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា នៅថ្ងៃទី៨ ខែកុម្ភៈ ខាងមុខនេះ គ្រប់គោលដៅទាំងអស់ ក្រុមហ៊ុនមិនយកថ្លៃទិញសំបុត្រ និងឡើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនោះ រួមមាន ភ្នំពេញ-បាត់ដំបង, ពោធិ៍សាត់, បន្ទាយមានជ័យ, ប៉ោយប៉ែត, បវិល, ឡែម, កំពង់ធំ និងសៀមរាប។ ចំពោះសំបុត្រ ដែលទិញមិនគិតប្រាក់សម្រាប់ថ្ងៃ ៨កុម្ភៈនោះ ប្រពលរដ្ឋក្នុងរាជធានីភ្នំពេញ អាចមកសួររកនៅចំណតឡានក្រុង ថោង ស៊ីង ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ទី៧ ខែកុម្ភៈ រហូតដល់ពេលព្រឹក និងមួយថ្ងៃពេញ នៃថ្ងៃទី៨ កុម្ភៈ។
តំណាងក្រុមហ៊ុនដឹកអ្នកដំណើរ ថោង ស៉ីង បានបញ្ជាក់ថា ការមិនយកប្រាក់ថ្លៃទិញសំបុត្រនេះ ក្រុមហ៊ុនតែងតែធ្វើនៅក្នុង ឱកាសបុណ្យទាន់ធំៗនានា របស់កម្ពុជា ដូចជាបុណ្យចូលឆ្នាំខ្មែរ, បុណ្យភ្ជុំបិណ្ឌនិងបុណ្យ ចូលឆ្នាំចិន-វៀតណាមជាដើម។
លោក យ៉ាន ស៊ីម៉ៅ បានបន្ថែមថា នៅខែមិនខាងមុខនេះ ក្រុមហ៊ុននឹងបង្កើតខ្សែរត់ឡានក្រុងចំនួន ២ខ្សែទៀត គឺពីភ្នំពេញ ទៅកំពត សំបុត្រ១ តម្លៃ៩.៥០០រៀល និងពីភ្នំពេញ ទៅខេត្តព្រះសីហនុ តម្លៃ១២.០០០រៀល ហើយក្រុមហ៊ុន នឹងមានបញ្ចុះតម្លៃ៥០ភាគ ក្នុងរយៈពេល១ខែ ចំពោះខ្សែដែលត្រូវបើកថ្មីទាំងពីរនេះ។ ចំពោះបញ្ហាពលករខ្មែរ គឺក្រុមហ៊ុនមានការ បញ្ចុះតម្លៃពិសេស សម្រាប់ក្រុមហ៊ុននាំពលករខ្មែរ ទៅធ្វើការនៅប្រទេសថៃ ដោយក្រុមហ៊ុនគិតថ្លៃតែ ៥០ភាគរយប៉ុណ្ណោះ ចំពោះក្រុមហ៊ុនទាំងអស់ ដែលមកជួលឡានក្រុមហ៊ុន ថោង ស៊ីង ដឹកពលករទៅកាន់ព្រំដែនកម្ពុជា-ថៃ។
លើសពីនេះទៅទៀតនោះ ក្រុមហ៊ុនក៏មានរថយន្តរត់ពេលយប់ ចាប់ពីម៉ោង ៦៖០០នាទីល្ងាច ដល់ម៉ោង ១១៖០០នាទីយប់ ដោយរថយន្តចេញដំណើរកន្លះម៉ោងៗ មានកន្លែងសម្រាប់ភ្ញៀងគេងផងដែរ។
សូមបញ្ជាក់ថា តម្លៃសំបុត្រ១ឡាងក្រុង ថោង ស៊ីង ពីភ្នំពេញ ទៅបាត់ដំបង តម្លៃ១៨.០០០រៀល, សៀមរាប១៩.០០០រៀល, បន្ទាយមានជ័យ២៣.០០០រៀល, ប៉ោយប៉ែត២៦.០០០រៀល, បវិល ២២.០០០រៀល, ឡែម ២៨.០០០រៀល, កំពត់ ៩.៥០០រៀល និងទៅព្រះសីហនុ ១២.០០០រៀល៕