(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង បានបន្តចុះជួបសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៣៤០គ្រួសារទៀត ដែលរស់នៅក្នុងសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ។
សូមបញ្ជាក់ថា តួលេខប្រជាពលរដ្ឋប្រមាណ ១០,០០០នាក់ហើយ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋទាំងអស់ កំពុងត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុតពីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញគ្រប់ពេលវេលា ទាំងការស្នាក់នៅបណ្ដោះអាសន្ន និងការបូបចុកគ្រប់គ្រាន់។
លោក ឃួង ស្រេង កាលពីព្រឹកមិញ បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយជំនន់ទឹកភ្លៀងមកពីស្ទឹងព្រែកត្នោតជិត១,០០០គ្រួសារ នៅសង្កាត់រលួស។
លោក ឃួង ស្រេង បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ណាស់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ។ លោកថា សម្តេចបានបញ្ជាឲ្យសង្គ្រោះប្រជាពលរដ្ឋជាមុនសិន រឿងទ្រព្យសម្បត្តិចាំគិតក្រោយ ហើយអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ត្រូវអ្នកការពារ ទ្រព្យសម្បត្តិទាំងនោះ ពោលគឺអ្នកដឹកចេញ បើមិនមានប័ណ្ណសំគាល់យានយន្តច្បាស់លាស់ទេ គេមិនអនុញ្ញាតឲ្យដឹកចេញឡើយ។
បើតាមលោក ឃួង ស្រេង ប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារហើយ ដែលទទួលរងការលិចលង់នៅក្នុងរាជធានីភ្នំពេញ តែសម្រាប់ប្រជាពលរដ្ឋរងគ្រោះធ្ងន់ និងមានទឹកជ្រៅជាងគេ គឺប្រជាពលរដ្ឋនៅខណ្ឌដង្កោ ដូច្នេះលោកស្នើប្រជាពលរដ្ឋរងគ្រោះទាំងអស់ បើមានបញ្ហាអ្វីមួយចង់ឲ្យមានការជួយសង្គ្រោះ សូមទាក់ទងមកកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីអាជ្ញាធរបានជួយសង្គ្រោះទាន់ពេលវេលា៕