(កំពង់ស្ពឺ)៖ អាជ្ញាធរខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចផ្អាកការធ្វើចរាចរណ៍ ជាបណ្តោះអាសន្នលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងផ្លូវខេត្តលេខ១៤១ (ចាប់ពីព្រៃផ្តៅដល់ផ្លូវខេត្តលេខ១៣០) ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺឲ្យដឹងថា អាជ្ញាធរផ្អាកការធ្វើចរាចរណ៍លើផ្លូវខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។
ការផ្អាកចរាចរណ៍នេះដែរ ដោយសារជំនន់ទឹកភ្លៀងបានជន់លិចលើកកំណាត់ផ្លូវសំខាន់ៗមួយចំនួនក្នុងខេត្ត ដែលធ្វើឲ្យផ្លូវ និងស្ពានមិនអាចទ្រាំទ្រ នឹងទម្ងន់រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទបាន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ៕