(ភ្នំពេញ)៖ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ រួមដំណើរជាមួយលោកស្រី ទ្រី ដាណា និងស្វាមី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន៧២៣គ្រួសារ រស់នៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ ថ្នាក់ដឹកនាំខណ្ឌព្រែកព្នៅ បានចូលរួមសោកស្ដាយ ជាមួយប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ធ្វើឲ្យលិចភូមិឋាន និងខូចខាតទ្រព្យសម្បត្តិមួយចំនួន។ ហើយថ្នាក់ដឹកនាំ ក៏បានណែនាំ និងអំពាវនាវដល់ប្រជាពលរដ្ឋរងគ្រោះ ត្រូវខិតខំថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត និងត្រូវស្ដាប់តាមការណែនាំរបស់អាជ្ញាធរផងដែរ។
ជាមួយគ្នានោះ លោក ម៉ៅ បូរ៉ា, លោក សុខ សម្បត្តិ និងលោកស្រី ទ្រី ដាណា ក៏បានអរគុណដល់កងកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ដែលដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលខិតខំជួយសង្គ្រោះប្រជាពលរដ្ឋមិនថាយប់ថ្ងៃ និងចេះនឿយហត់ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ បានរួចផុតពីកន្លែងដែលរងគ្រោះ មកកាន់កន្លែងដែលមានសុវត្ថិភាព។
អំណោយដែលទទួលបាន ក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ១បាវ ស្មើ២៥គីឡូក្រាម, ត្រីខកំប៉ុង១យួរ ស្មើ១០កំប៉ុង, ទឹកស៊ីអ៊ីវ១យួរ ស្មើ៦ដប, មី១កេសតូច និងថវិកា ៥០,០០០រៀល។
សូមជម្រាបថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឲ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយ ឲ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនាពេលនេះ៕