(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ ចំនួន៣០០គ្រួសារ នៅសង្កាត់ស្ពានថ្ម ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព។
ថ្លែងក្នុងឱកាសនោះ រដ្ឋមន្ដ្រី វង សូត និងតំណាងរាស្ដ្រ លី ឆេង បានចូលរួមសោកស្ដាយជាមួយប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ធ្វើឲ្យលិចភូមិឋាន និងខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។ ប៉ុន្ដែថ្នាក់ដឹកនាំទាំងពីរ បានណែនាំ និងអំពាវនាវដល់ប្រជាពលរដ្ឋរងគ្រោះ ត្រូវខិតខំថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត និងត្រូវស្ដាប់តាមការណែនាំរបស់អាជ្ញាធរ។
លោក វង សូត និងលោកបណ្ឌិត លី ឆេង ក៏បានអរគុណដល់កងកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ដែលដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលខិតខំជួយសង្គ្រោះប្រជាពលរដ្ឋមិនថាយប់ថ្ងៃ និងចេះនឿយហត់ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានរួចផុតពីកន្លែងដែលរងគ្រោះ មកកាន់កន្លែងដែលមានសុវត្ថិភាព។
នៅក្នុងពិធីនោះផងដែរ លោកបណ្ឌិត លី ឆេង បានឧបត្ថម្ភថវិកាដល់ក្រុមការងារសង្រ្គោះប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់ក្នុងមូលដ្ឋានខណ្ឌដង្កោរួមមាន៖
*ទី១៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ១លានរៀល
*ទី២៖ បញ្ជាការដ្ឋានកងអង្គរក្ស ១លានរៀល
*ទី៣៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ១លានរៀល
*ទី៤៖ កងដឹកជញ្ជួន ១លានរៀល
*ទី៥៖ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ២លានរៀល
*ទី៦៖ កងរាជអាវុធហត្ថខណ្ឌដង្កោ ១លានរៀល
*ទី៧៖ កងទ័ពជើងទឹក ១លានរៀល
*ទី៨៖ កងពលតូចង៧០ ចំនួន ១លានរៀល
*ទី៩៖ ការិយាល័យប្រតិបត្តិខណ្ឌដង្កោ ១លានរៀល
*ទី១០៖ ការិយាល័យប្រតិបត្តិស្រុកបាសាក់ ១លានរៀល
*ទី១១៖ រដ្ឋបាលរដ្ឋបាលខណ្ឌដង្កោ ១លានរៀល
*ទី១២៖ ទីបញ្ជាការដ្ឋានទ័ពពិសេស (អតីតកងពល៩១១) ១លានរៀល
*ទី១៣៖ ប៉ុស្តិ៍នគរបាលសង្កាត់ស្ពានថ្ម ១លានរៀល
*ទី១៤៖ សង្កាត់ស្ពានថ្ម ១លានរៀល
*ទី១៥៖ ប្រគេនព្រះសង្ឃ ២លានរៀល។ សរុបថវិការួមមានចំនួន ១៧លានរៀល។
គួរជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញបានអះអាងថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង៥,០០០គ្រួសារហើយ ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព ជាមួយការមើលថែទាំយ៉ាងយកចិត្តទុក ដាក់ពីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។
អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ផែនការទី១ នៃការសង្គ្រោះប្រជាពលរដ្ឋកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានរួមដៃគ្នាអនុវត្តទទួលបានជោគជ័យ និងគ្រប់គ្រងបានគ្រប់ស្ថានការណ៍ទាំងអស់។ ពលរដ្ឋដែលត្រូវជម្លៀសមកកន្លែងមានសុវត្ថិភាពនេះ រួមមាន នៅខណ្ឌកំបូល, ពោធិ៍សែនជ័យ និងខណ្ឌដង្កោ ដែលរងគ្រោះច្រើនជាងគេ។