(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ឃុំភ្នំសំពៅ ដឹកនាំដោយលោក ហែម ថេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ស្រុកបាណន់ ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ និងសហការី បាននាំអំណោយចែកជូនប្រពលរដ្ឋ១៤៤គ្រួសារ មកពីបណ្តាភូមិនានាក្នុងឃុំរងផលប៉ះពាល់គ្រោះទឹកជំនន់ ដែលជាចាស់ជរា ស្រ្តីមេម៉ាយក្មេងកំព្រា ទីទាល់ក្រជនងាយរងគ្រោះ។
លោក ហែម ថេង បានបញ្ជាក់ថា យោងទៅតាមការចុះពិនិត្យជាក់ស្តែងពីផលប៉ះពាល់គ្រោះធម្មជាតិ ដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបង ពិសេសឃុំភ្នំសំពៅ ស្រុកបាណន់នេះ ពុំសូវមានលិចលង់អ្វីធ្ងន់ធ្ងរខ្លាំងក៏ដោយ តែវាប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់ មនុស្សចាស់ជរា ស្រ្តីមេម៉ាយក្មេងកំព្រា ជនទីទាល់ក្រ ជនងាយរងគ្រោះ ដោយអត់បានចេញទៅធ្វើការអ្វីមិនបាន។
លោកបានប្រាប់ទៅ លោកមេភូមិទាំង១០ ក្នុងឃុំថាត្រូវស្រាវជ្រាវបន្តទៀត បើឃើញមានករណីជួបប្រទះ បែបត្រូវរាយការណ៍មកក្រុមការងារបន្ទាន់ ដើម្បីធ្វើការដោះស្រាយជូន ពួកគាត់ភ្លាមៗ ជាបន្ទាន់ឲ្យបានទាន់ពេលវេលា។ ពលរដ្ឋដែលបានទទួលអំណោយទាំងអស់ សូមថ្លែងអំណរគុណដល់លោកប្រធានក្រុមការងារ និងសហការី តែងតែបានជួយរាល់បញ្ហាគ្រប់របស់ប្រជាពលរដ្ឋ ក្នុងឃុំភ្នំសំពៅបានទាន់ពេលវេលារហូតមក។
អំណោយដែលបានចែកជូនទាំង១៤៤គ្រួសារ នាពេលនេះ១គ្រួសារទទួលបាន អង្ករ១ការ៉ុង, ទឹកត្រី, ទឹកស៉ីអ៉ីវ២យួ និងមី១កេស៕