(បាត់ដំបង)៖ ដោយឈរលើក្របខណ្ឌមនុស្សធម៌ និងសាមគ្គីធម៌ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃភោជនីយដ្ឋានសួគ៌ា, ក្រុមហ៊ុនមេហ្គាឌីស (Megadis Co., Ltd), ក្រុមហ៊ុនគ្រឿងសម្អាង Coverderm, តំណាងស្ថានីយ៍ប្រេងតូតាល់ ខេត្តបាត់ដំបង និងសប្បុរសជនជាច្រើនទៀត បានចូលរួមបរិច្ចាគថវិកា សម្ភារ និងស្បៀងអាហារ ដើម្បីរួមចំណែកជួយសម្រាលការដោះស្រាយផលវិបាក របស់ប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងឃុំស្នឹង ស្រុកបាណន់ និងឃុំអូដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
ស្បៀងអាហារ សម្ភារ និងថវិកាសប្បុរសធម៌នេះ ត្រូវបាននាំយកទៅប្រគល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ បានធ្វើឡើងនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។
អំណោយដែលនាំទៅប្រគល់ជូននាឱកាសនោះរួមមាន៖ អង្ករ ៣តោន, ត្រីខកំប៉ុង ៣០០យួរ, មី ៣០០កេស, ទឹកស៊ីអ៊ីវ ១០០យួរ, ប្រេងឆា ២០០ប៊ីដុង និងថវិកាមួយចំនួន។
សូមជម្រាបថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននឹងកំពុងចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានី-ខេត្ត ដែលកំពុងទទួលរងគ្រោះដោយបាតុភូធម្មជាតិទឹកជំនន់៕