(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន៨៦គ្រួសារ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នឹងបន្តចុះចែកអំណោយតាមខ្នងផ្ទះបន្ថែមទៀត នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។
ក្នុងឱកាសនោះលោក សុខ លូ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែផ្តាំផ្ញើ និងយកចិត្តទុកដាក់ពីជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋជានិច្ច ដែលពេលនេះបងប្អូនជួបប្រទះនូវគ្រោះធម្មជាតិ។
លោកបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន ពីអាជ្ញាធរដែនដីភូមិឃុំស្រុក អំពីការរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលលង់លិចផ្ទះសម្បែង និងដំណាំកសិកម្ម របស់បងប្អូនភ្លាម លោកបានចុះមក ដោយផ្ទាល់ ដើម្បីជួយដោះស្រាយសម្រួលការខ្វះខាតចំពោះមុខ និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជាជំនួយផ្គត់ផ្គង់ជីវភាពបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា បានមួយរយៈពេលដើម្បីឲ្យបងប្អូនមានឱកាស រកទទួលទានបានបន្ថែមទៀត។
លោកបានបន្ថែមទៀតថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយមិនទុកឲ្យនរណាម្នាក់ដាច់បាយ និងប៉ះពាល់ដល់អាយុជីវិតឡើយ។
ជាមួយគ្នានេះដែរ លោក សុខ លូ ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តតាមដានជាប់ជានិច្ច ចំពោះស្ថានភាពរស់នៅ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោក សុខ លូ បានណែនាំដល់ប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅមានឥទ្ធិពលនៃព្យុះ បន្តបោកបក់មកលើប្រទេសកម្ពុជា អាចនឹងមានទឹកជន់ឡើងបន្ថែមទៀត ជាពិសេសត្រូវមើលថែក្មេងៗ មនុស្សចាស់ និងជនងាយរងគ្រោះឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ក៏ដូចជាការការពារពីសត្វអសិរពិសខាំ ឬទិចជាដើម ប្រសិនបើមានទឹកជំនន់ត្រូវរត់រកទីទួលសុវត្ថិភាព និងត្រូវប្រញាប់រួសរាន់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិត និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅឲ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិ។
ប្រជាពលរដ្ឋបានថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរដែនដី ដែលតែងតែគិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។ អំណោយដែលបានផ្តល់ ក្នុងមួយគ្រួសាមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកសុទ្ធ៕