(ត្បូងឃ្មុំ)៖ រហូតមកដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រោយពីស្នងការខេត្តត្បូងឃ្មុំ ធ្វើលិខិតកោះហៅម្ចាស់សង្វៀនជល់មាន់ ជ្រកក្រោមច្បាប់កាស៊ីណូទាំង៣កន្លែង នៅក្នុងខេត្តទៅបំភ្លឺពីរឿងច្បាប់ទម្លាប់កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ រួចមក គេសង្កេតឃើញសង្វៀនជល់មាន់ ហេងហេង និងសង្វៀនជល់មាន់ នៅក្រោយកាស៊ីណូ GMG ដែលមានទីតាំងនៅមាត់ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង មិនមានបើកដំណើរការលេងទៀតទេ តែកាស៊ីណូ ហេងហេង អន្លង់ជ្រៃ ដែលមានទីតាំងនៅក្បែរភូមិគ្រឹះ សម្ដេចពញាចក្រី ហេង សំរិន នៅអន្លង់ជ្រៃ ស្ថិតក្នុងស្រុកពញាក្រែក នៅតែបន្តបើកលេងជាធម្មតា។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលបានទៅអើតមើលនៅក្នុងបរិវេណកាស៊ីណូ ហេងហេង អន្លង់ជ្រៃ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា សង្វៀនជល់មាន់នៅតែបន្តបើកលេងជាធម្មតា ហើយភ្ញៀវជាង៩០% គឺជាជនជាតិខ្មែរចូលលេងដដែលដោយមានជនជាតិវៀតណាមចូលលេងតិចតួចប៉ុណ្ណោះ។ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅកាស៊ីណូ ហេងហេង អន្លង់ជ្រៃ ដែលគេអះអាងថា មានច្បាប់នេះគឺមានបើកលេងបៀរ អាប៉ោង ហ្គេមបាញ់ត្រី ជាពិសេសជល់មាន់តែម្ដង។ ក្នុងនោះល្បែងបៀរ អាប៉ោង និងហ្គេមគឺជាល្បែងដែលគេបើកលេងកំដរបន្ទាប់បន្សំប៉ុណ្ណោះ តែអ្វីដែលសំខាន់អាចធ្វើឲ្យកាស៊ីណូនេះ រកចំណូលបានច្រើននោះ គឺការបើកសង្វៀនជល់មាន់តែម្ដង ព្រោះនៅកាស៊ីណូនេះមិនសូវមានជនជាតិវៀតណាម ចូលមកលេងឡើយ តែសម្បូរជនជាតិខ្មែរចូលទៅចាក់ភ្នាល់ជល់មាន់ដោយអ្នកជល់មានខ្លះទៅតាំងពីភ្នំពេញ ពីខេត្តព្រៃវែង ស្វាយរៀង កំពង់ចាមក៏មានដែរ។
ចំណែកល្បែងផ្សេងៗទៀត ពលរដ្ឋខ្មែរមិនចូលចិត្តលេងដោយគេយល់ថា កូនចាក់មិនងាយឈ្នះមេ តែសម្រាប់អ្នកចូលចិត្តជល់មាន់វិញគេយល់ថា ចាក់ឈ្នះចាញ់ឃើញជាក់ស្ដែង ហើយបានមើលសប្បាយភ្នែកទៀត។
យោងតាមច្បាប់ស្ដីពីល្បែងស៊ីសង និងបំរាមរបស់រាជរដ្ឋាភិបាល គឺមិនអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងល្បែងនៅតាមកាស៊ីណូនោះទេ គឺអនុញ្ញាតឲ្យតែជនបរទេសប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារតែជនជាតិខ្មែរសម្បូរលុយ និងលេងធំជាងជនបរទេស ទើបម្ចាស់កាស៊ីណូ និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចឃុបឃិតគ្នាបិទភ្នែក ឲ្យចូលលេងតាមចិត្ត ក្នុងនោះ រាល់សង្វៀនជល់មាន់ដែលជ្រកក្រោមស្លាកកាសុីណូ ដូចជានៅកាសុីណូ ហេងហេង អន្លង់ជ្រៃ ខាងលើជាឧទាហរណ៍ស្រាប់គឺជាង៩០ភាគរយ នៃអ្នកចូលទៅចាក់ភ្នាល់ មាន់ជល់គឺជាជនជាតិខ្មែរ។
សូមបញ្ជាក់ ថាកាលពីចុងខែមករាកន្លងទៅ មានប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំបានទូរស័ព្ឌមកសូមឲ្យ Fresh News ជួយផ្សាយដើម្បីឲ្យប្រមុខរាជរដ្ឋាភិបាលបានដឹង និងជួយមានវិធានការបង្ក្រាបសង្វៀនជល់មាន់នៅកាស៊ីណូ ហេងហេង និងនៅក្រោយកាស៊ីណូ GMG នៅត្រពាំងផ្លុងផង ព្រោះល្បែងជល់មាន់ភ្នាល់ដាក់លុយនេះធ្វើឲ្យប្ដី និងក្រុមគ្រួសារពួកគាត់លេងចាញ់អស់លុយកាក់ទ្រព្យ គ្មានគិតរកស៊ីអ្វីនោះទេ មានលុយគិតយកទៅជល់តែមាន់។
ក្រោយពេលដែល Fresh News បានចេញផ្សាយ គេឃើញស្នងការខេត្តបានចេញលិខិតកោះហៅម្ចាស់កាស៊ីណូខាងលើ រួមទាំងម្ចាស់កាស៊ីណូ ហេងហេង អន្លង់ជ្រៃ ឲ្យចូលខ្លួនទៅបំភ្លឺផងដែរ កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈកន្លងទៅនេះ។ ក្រោយមកកាស៊ីណូចំនួន២ នៅត្រពាំងផ្លុងបញ្ឈប់ការបើកសង្វៀនជល់មាន់តទៅទៀត លើកលែងតែកាស៊ីណូ ហេងហេង អន្លង់ជ្រៃ នៅបើកដំណើរការអោយពលរដ្ឋខ្មែរចូលលេងពេញៗដដែល៕
Posted by Fresh News Photo on Thursday, February 4, 2016