(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ រាជធានីភ្នំពេញ បានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋជាង៨០០គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅសង្កាត់ទៀន ខណ្ឌដង្កោ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះលោកស្រី ម៉ែន សំអន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក និងការគិតគូរយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ជាពិសេសការយកចិត្តទុក្ខដាក់របស់សម្តេចតេជោ ក្នុងការចុះជួបប្រជាពលរដ្ឋផ្ទាល់នៅទីតាំងចំនួន ២កន្លែង នៅទីតាំងសុវត្ថិភាពគួរស្រូវ២ និងទីតាំងសុវត្ថិភាពផ្សារព្រែកជ្រៃ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។
លោកស្រី ម៉ែន សំអន ក៏បានផ្តាំផ្ញើឲ្យ៖
*ទី១៖ អាជ្ញាធរត្រូវខិតខំជម្លៀសនៅពេលទឹកជន់ និងទឹកស្រកទៅវិញ ដោយយកចិត្តទុកដាក់ថែទាំ និងមិនត្រូវឲ្យប្រជាជនស្លាប់ដោយសារលង់ទឹក
*ទី២៖ សមត្ថកិច្ចនគរបាល អាវុធហត្ថ ប្រជាការពារ ត្រូវយកចិត្ដទុកដាក់ការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ ដែលត្រូវជម្លៀសមកទីទួលសុវត្ថិភាព
*ទី៣៖ បងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះក្មេងៗ ដោយមិនឲ្យនៅឆ្ងាយពីមនុស្សចាស់ ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងត្រូវមានអនាម័យជានិច្ចក្នុងពេលទទួលទានអាហារ និងត្រូវហូបទឹកស្អាត
*ទី៤៖ បងប្អូនដែលបានជម្លៀសមកកាន់ទីទួលសុត្ថិភាព ហើយក៏ត្រូវគិតអំពីគម្លាតសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ១៩
ឆ្លៀតក្នុងឱកាសនោះ លោកស្រីក៏បានអំណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល ដើម្បីសង្គ្រោះប្រជាពលរដ្ឋដោយទឹកជំនន់ នៅពេលនេះក៏បានចូលរួមចំណែក តាមរយៈលោកស្រី និងថ្លែងអំណរគុណដល់អភិបាលរាជធានីភ្នំពេញ កម្លាំងប្រដាប់អាវុធ ប្រជាការពារភូមិអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានរួមដៃគ្នាសស្រាក់សស្រាំ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព។
អំណោយសម្រាប់មួយគ្រួសារ ទទួលបានរួមមាន៖ អង្ករ ១៥គីឡីក្រាម ទឹកដោះគោ ៥កំប៉ុង ត្រីខ ១យួរ ទឹកសុទ្ធ ១កេស មី ១កេស នំប៉័ង ១ដើម និងថវិកា ១០ម៉ឺនរៀល៕