(ភ្នំពេញ)៖ តំបន់ភ្នំពេញថ្មី នៅខណ្ឌសែនសុខ របស់រាជធានីភ្នំពេញ បាននឹងកំពុងមានសក្តានុពលខ្លាំងឡើង នៅពេលដែល គម្រោងផ្សារទំនើប Aeon Mall2 ធំជាងគេកំពុងដំណើរការ សាងសង់លើផ្ទៃដី ១០ម៉ឺនម៉ែត្រការ៉េ។
បើយោងតាមអាជ្ញាធរខណ្ឌសែនសុខ តាមរយៈ Facebook Page ផ្លូវការ របស់សាលាខណ្ឌបានឲ្យដឹងថា ក្រុមហ៊ុន Aeon Mall Cambodia Co,Ltd បានកំពុងធ្វើការសាងសងផ្សារទំនើប Aeon Mall2 នៅតំបន់អភិវឌ្ឍន៍គម្រោង PONG PEAY CITY លើផ្ទៃដី១០ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិប៉ាយាប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយលិខិតអនុញ្ញាតបានឆ្លងកាត់ និងបានចុះហត្ថលេខា បញ្ជូនលេខ ០២៥ បជ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦កន្លងមក និងចាប់ផ្តើមសាងសង់ នៅក្នុងឆ្នាំ២០១៦ និងបញ្ចប់គម្រោង នៅក្នុងឆ្នាំ២០១៨ ខាងមុខនេះ ។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានសម្តែងនូវក្តីសុទិដ្ឋិនិយម ចំពោះតម្លៃអចលនទ្រព្យ នៅតំបន់ភ្នំពេញថ្មីនេះ បន្ទាប់ពីមានគម្រោងផ្សារ ទំនើបដ៏ធំលំដាប់អន្តរជាតិ AEON MALL 2 នៅភាគខាងជើង នៃរាជធានីភ្នំពេញ កំពុងដំណើរការសាងសង់។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារចលនវត្ថុកម្ពុជា លោក គឹម ហ៊ាង បានឲ្យ Fresh News ដឹងថា តម្លៃនៅតំបន់ភ្នំពេញថ្មី បានកើនឡើងខ្លាំងនៅពេល ដែលមានការប្រកាសគម្រោងផ្សារទំនើប Aeon Mall2 ហើយមកដល់ពេលនេះ គម្រោងបាននឹងកំពុង សាងសងរឹតតែជំរុញឲ្យតម្លៃដី នៅតំបន់ភ្នំពេញថ្មី កាន់តែមានសន្ទុះកើនឡើងបន្ថែមទៀត។
គម្រោងផ្សារទំនើប Aeon Mall2 គ្រោងនឹងបញ្ចប់ការសាងសង់ រួចរាល់នៅឆ្នាំ២០១៨ លោក គឹម ហ៊ាង បានផ្តល់ជាយោបល់ថា ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០១៧ អ្នកវិនិយោគទិញអចលនទ្រព្យ នៅតំបន់នេះបាន គួរតែទិញឯអ្នកចង់លក់គួរតែលក់។ លោក គឹម ហ៊ាង បានបន្តទៀតថា តំបន់ភ្នំពេញថ្មី ជាតំបន់ដែលមានសក្តានុពលទី៣ បន្ទាប់ពីតំបន់បឹងកេងកង១ ខណ្ឌចំការមន
និងតំបន់ទួលគោក ខណ្ឌទួលគោក។
រដ្ឋបាលសាលាខណ្ឌសែនសុខ បានឲ្យដឹងថា ក្នុងខណ្ឌសែនសុខបច្ចុប្បន្ន មានក្រុមហ៊ុនវិនិយោគសំណង់បុរីចំនួន ១៧ក្រុមហ៊ុន ស្មើនឹង៣៩ទីតាំង ក្រុមហ៊ុនផ្ទះល្វែងចំនួន ២៣ក្រុមហ៊ុន ស្មើនឹង ៣៣ទីតាំង ភូមិគ្រឹះចំនួន ១១២៨ ពាក់កណ្តាលភូមិគ្រឹះចំនួន៣៤៤ ផ្ទះល្វែងចំនួន៦.៣៤៥ និងកំពុងសាងសង់សំណង់អគារធំៗ ជាបន្តបន្ទាប់៕