(ភ្នំពេញ)៖ ស្ត្រីខ្មែរម្នាក់ ដែលអះអាងថា ខ្លួនជាជនរងគ្រោះដោយការរំលោភបំពានតាមរយៈអាពាហ៍ពិពាហ៍ នៅប្រទេសចិន នឹងធ្វើមាតុភូមិនិវត្តន៍វិញនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្រោយក្រសួងការបរទេស តាមរយៈស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅសៀងហៃជួយអន្តរាគមន៍។ ការអន្តរាគមន៍នេះបានធ្វើឡើងបន្ទាប់ពីគាត់បង្ហោះវីដេអូលើបណ្តាញសង្គម Facebook អំពាវនាវទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឲ្យជួយសង្គ្រោះដោយសារចាញ់បោកគេ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន អន្តរាគមន៍ជួយនារីខ្មែររូបនេះ ដែលមានឈ្មោះថា សែម ស្រីពេជ្រ ស្នាក់នៅខេត្តជឺជាំង ប្រទេសចិន ដែលមានបំណងត្រឡប់មកកម្ពុជាវិញ ដោយសារមិនអាចរស់នៅចុះសម្រុងជាមួយប្តីបាន។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើ បានទៅដល់ស្ថានអគ្គកុងស៊ុល នៅវេលាម៉ោង ២១៖០០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ហើយស្នាក់នៅទីនោះ រហូតដល់ពេលធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃខាងមុខនេះ។
លោក គុយ គួង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គាត់បានមកដល់ស្ថានអគ្គកុងស៊ុល នៅវេលាម៉ោង ២១៖០០យប់មិញ (ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០) ដោយសុវត្តិភាព ហើយស្នាក់នៅស្ថានអគ្គកុង ស៊ុលកម្ពុជា រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ទើបចេញដំណើរត្រឡប់ទៅកម្ពុជាវិញតាមជើងយន្ដហោះ (Spring Airlines 9 c8533) ចេញដំណើរពីទីក្រុងសៀងហៃ វេលាម៉ោង ១៣៖៥៥នាទី និងទៅដល់អាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង ១៧៖០៥នាទី ល្ងាចថ្ងៃដដែល»។
លោក នាង សំរិតកុមារ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ក៏ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រោយធ្វើដំណើរមកដល់ស្ថានអគ្គកុងស៊ុលកម្ពុជា កាលពីយប់មិញនោះ ខាងមន្រ្តីរបស់យើង បានមើលថែគាត់បានយ៉ាងល្អ និងបានរៀបចំរួចរាល់ហើយដែរសម្រាប់ការវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញនៅថ្ងៃទី២២ ខែតុលា ខាងមុខនេះ។
លោកបានអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលអាណិត និងបារម្ភពីប្អូនស្រីដែលជាជនរងគ្រោះ និងបានជួយចែកចាយព័ត៌មា បន្តគ្នាទើបធ្វើឲ្យស្ថានអគ្គកុងស៊ុលយើងទទួលបាននូវព័ត៌មាន យ៉ាងឆាប់រហ័ស។ សូមអរគុណដល់កិច្ចសហការដ៏ល្អរបស់ប៉ូលីសអន្តោប្រវេសន៍ចិន និងអង្គការសម្ព័ន្ធចាប់ដៃកម្ពុជា (ជួយចេញថ្លៃសំបុត្រយន្តហោះ) និងបុគ្គលិកស្ថានអគ្គកុងស៊ុលទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត។
តាមសេចក្តីប្រកាសរបស់លោក កុយ គួង, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានអគ្គកុងស៊ុលដដែលនេះ បានចេញលិខិតបើកផ្លូវដល់រូបនាង ហើយនគរបាលចិន ក៏បានយល់ព្រមនឹងប្រគល់ ទិដ្ឋាការជូន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ខាងមុខនេះផងដែរ។ មុនមកដល់ស្ថានកុងស៊ុល អ្នកនាង សែម ស្រីពេជ្រ បាននៅផ្ទះមិត្តភក្តិជាស្រ្តីខ្មែរ នៅជិតប៉ុស្តិ៍ប៉ូលីសខេត្តជឺជាំង ក្រុងវិនចូវ ដើម្បីរង់ចាំទទួលទិដ្ឋាការ។ តាមសំណើរបស់ស្ថានអគ្គកុងស៊ុល អង្គការសម្ព័ន្ធចាប់ដៃកម្ពុជានៅរាជធានីភ្នំពេញ បានយល់ព្រមជួយចេញសំបុត្រយន្តហោះដល់នាងទៀតផង។
លោក កុយ គួង បានបញ្ជាក់ទៀតថា ស្ថានអគ្គកុងស៊ុល ក៏បានឧបត្ថម្ភថ្លៃហូបចុក ថ្លៃសំបុត្ររថភ្លើង (ពីទីក្រុងវិនចូវ មកសៀងហៃ) ថ្លៃពិនិត្យស្វែងរកមេរោគកូវីដ-១៩ ដែលសរុបជាទឹកប្រាក់ ៥០០ដុល្លារអាមេរិក ជូនដល់នាងផងដែរ។
បើតាមវីដេអូមួយ ដែលត្រូវបានចែកចាយលើ Facebook, និយាយបណ្តើរស្រក់ទឹកបណ្តើរ ស្រីពេជ្រ បានអំពាវនាវទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម ដែលមើលវីដេអូគាត់ហើយ សូមមេត្តាជួយចែកចាយសំឡេងទុក្ខសោករបស់គាត់ ឲ្យបានដល់សម្តេចតេជោ ហ៊ុន សែន ផង។ គាត់និយាយ គាត់បានចាញ់បោកគេ ពេលទៅដល់ប្រទេសចិន ដោយបន្ថែមថា គាត់មិនមានទូរស័ព្ទទាក់ទងទៅគ្រួសារឡើយ។ ស្រីពេជ្រ បានលួងលោមសុំខ្ចីទូរស័ព្ទពីអ្នកដទៃម្នាក់ ដើម្បីថតវីដេអូនេះ ហើយបង្ហោះលើបណ្តាញសង្គមតែម្តង។
«ខ្ញុំបានរងទុក្ខនៅទីនេះអស់រយៈពេល ២ឆ្នាំមកហើយ។ ខ្ញុំចង់ទៅផ្ទះ។ ខ្ញុំមិនចង់នៅទីនេះទៀតទេ។ ខ្ញុំបានទទួលរងការរំលោភបំពាន។ ខ្ញុំសូមស្នើសុំទៅលោកពូ ហ៊ុន សែន និងឯកឧត្តមណាក៏បាន សូមជួយខ្ញុំផង។ ឥឡូវនេះ ខ្ញុំឈឺហើយ ហើយក៏អត់មាននរណា ជួយយកខ្ញុំទៅពេទ្យដែរ។ ខ្ញុំត្រូវបានគេទុកចោលទីនេះ»។ នេះគឺជា សំឡេងទួញសោករបស់ ស្រីពេជ្រ នៅក្នុងវីដេអូ។
ក្នុងវីដេអូនេះ ស្រីពេជ្រ បានសង្ឃឹមថា សម្តេចតេជោ ហ៊ុន សែន នឹងជួយគាត់ឲ្យបានត្រឡប់មកផ្ទះវិញ។ គាត់ថ្លែងថា «យ៉ាងហោចណាស់ ក៏ខ្ញុំអាចបានជួបមុខ ឪពុកម្តាយខ្ញុំម្តងទៀតដែរ។ (បើជួយបាន) ពេលខ្ញុំស្លាប់ ក៏ខ្ញុំអាចបិទភ្នែកជិតដែរ»។
គួរកត់សម្គាល់ថា ស្រីខ្មែរមិនតិចនាក់ទេ ដែលត្រូវបានចាញ់បោកអ្នកដទៃ តាមរយៈអាពាហ៍ពិពាហ៍បែបនេះ។ មានអ្នកខ្លះ បែរជាបានរៀបការជាមួយប្តីមិនគ្រប់ទឹក ហើយក៏មានអ្នកខ្លះទៀត ត្រូវបានប្តីកាចសាហាវ យកពួកគាត់ទៅប្រើប្រាស់ដូចសត្វធាតុក៏មាន៕
លោក នាង សំរិតកុមារ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ