(ព្រៃវែង)៖ លោក អ៊ី សុខឃី ប្រធានក្រុមការងារថ្នាក់ជាតិឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង តំណាងលោក នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀកនាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាននាំយកមូលនិធិសម្តេចក្រឡាហោម ស ខេង ចំនួន១០លាន៨សែនរៀល សម្រាប់៥៤គ្រួសារ ទៅដល់ខ្នងផ្ទះផ្ទាល់ ក្នុងនោះស្រ្តីសម្រាលកូនចំនួន៥០នាក់។
លោក អ៊ី សុខឃី បានផ្តាំផ្ញើការសួរសុខទុក្ខសម្តេចក្រឡាហោម អបអរសាទរចំពោះគ្រួសារ ដែលទើបបានសមាជិកថ្មី ដែលជាការរួមចំណែកដល់ការបង្កើនចំនួនប្រជាជន ហើយសង្ឃឹមយ៉ាងមុតមាំថា ក្រុមគ្រួសារនឹងខិតខំចិញ្ចឹមបីបាច់ថែរក្សា ទារកទើបកើតថ្មីៗនេះ ដើម្បីក្លាយទៅជាកុមារ ជាយុវជន ជាពលរដ្ឋ ដែលមានសុខភាពល្អបរិបូរណ៌ មានប្រាជ្ញាស្មារតីរឹងមាំ និងជាសមាជិកសង្គមដ៏ល្អ។
លោកក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារ ដែលមានសមាជិកមរណភាព ចំនួន៤គ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារ ដែលជាទីស្រលាញ់ និងសូមឧទិ្ទសឲ្យដួងវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីខាន។
បន្ទាប់ពីបានផ្តល់មូលនិធិសម្តេចក្រឡាហោមរួច លោក អ៊ី សុខឃី បានដឹកនាំកិច្ចប្រជុំជាមួយប្រធានក្រុមប្រឹក្សាឃុំ , នាយនគរបាលប៉ុស្តិ៍ ដែលមានសមាជិកសរុប២៣នាក់ ដែលមានខ្លឹមសារ៖ ទី១-ស្តាប់របាយការណ៍របស់ថ្នាក់ដឹកនាំមូលដ្ឋាន ដែលបានសម្រេចនាពេលកន្លងមក ទី២ ណែនាំឲ្យយកចិត្តទុកដាក់លើការងារ ភូមិ-ឃុំ មានសុវត្ថិភាព ព្រមទាំងស្តាប់យោបល់ សំណូមពរ និងការលើកឡើងនូវការកង្វះរបស់ប្រជាពលរដ្ឋ ទី៣-យកចិត្តទុកដាក់ពីមូលនិធិសម្តេចក្រឡាហោម ដោយធ្វើសំណុំឯកសារឲ្យសុក្រិត និងរាយការណ៍ ឲ្យបានរួសរាន់ ទី៤-ខិតខំបម្រើសេវាសាធារណ:ឲ្យបានល្អ និងកុំយកថ្លៃសេវាលើសពីការកំណត់របស់រដ្ឋ និងទី៥-តាមសំណូមពរឃុំ និងដោយឃើញពីតំរូវការពិត លោក អ៊ី សុខឃី បានផ្តល់ជូននូវ៖ កំព្យុទ័រយួរដៃចំនួន០២គ្រឿង ម៉ាស៊ីនព្រិនធ័រ០១គ្រឿងផងដែរ ថវិកាម្នាក់ៗ ២ម៉ឺនរៀល ថវិកា៨០០.០០០រៀល សំរាប់ក្រុមប្រឹក្សាឃុំ និងនគរបាលប៉ុស្តិ៍ចាត់ចែងតាមការចាំបាច់៕