(កំពង់ស្ពឺ)៖ លោកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនទ្រី ភាព គ្រុប និងលោកស្រី ព្រមទាំងសហការី និងអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីទីក្រុងភ្នំពេញ មានសទ្ធាជ្រះថ្លា បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងឃុំវាំងចាស់ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ នាថ្ងៃ១៣-១៤ រោច ខែអស្សុជ ឆ្នាំរជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ទី១៥និង១៦ ខែតុលា ឆ្នាំ២០២០។
នៅក្នុងឱកាសនោះ ក៏មានការចូលរួម ពីសមាជិកសមាជិកា បុគ្គលិកក្រុមហ៊ុនទ្រីភាពគ្រុប និងពុទ្ធបរិស័ទ ម្ចាស់ដើមទាន ប្រធានដើមបុណ្យ ទាំងមកពីភ្នំពេញ និងចំណុះជើងវត្តយ៉ាងច្រើនកុះករ ក៏បានធ្វើពិធីដង្ហែអង្គកឋិនទានសាមគ្គី ប្រទក្សិណព្រះវិហារទៅតាមគន្លង នៃព្រះពុទ្ធសាសនា ដែលមានតាំងពីយូរលង់ណាស់មកហើយយ៉ាងគគ្រឹកគ្រែង។
សូមជម្រាបថា នេះគឺជារដូវកាលមួយ ទាំងព្រះសង្ឃ និងទាំងគ្រហស្ថ ទាំងក្នុង និងក្រៅប្រទេស ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែរួបរួមសាមគ្គីឯកភាពគ្នា នៅក្នុងក្រុមគ្រួសារ និងសហគមន៍ ប្រារព្ធធ្វើបុណ្យអង្គកឋិនទាន ដោយសទ្ធាជ្រះថ្លា ក្នុងរយៈពេលតែ២៩ថ្ងៃ ដោយចាប់ពីថ្ងៃ១រោជ ខែអស្សុជ ដល់ថ្ងៃ១៤កើត ខែកក្តិកនៃឆ្នាំនីមួយៗ មិនដែលអាកខានឡើយ។ ដោយហេតុយ៉ាងនេះហើយ បានជាបង្កើតឱ្យមានបុណ្យកឋិនទានសាមគ្គីនេះឡើង ដើម្បីប្រមូល គៀងគររកថវិកាជួយទ្រទ្រង់ដល់វិស័យសាសានារបស់ជាតិយើង ជាពិសេសនៅក្នុងវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់នេះ។
អង្គកឋិនទានទទួលបានបច្ច័យចំនួន ៥៦០០០ដុល្លារ (ប្រាំម៉ឺន ប្រាំមួយពាន់ ដុល្លារ) សម្រាប់កសាង និងផ្គត់ផ្គង់ក្នុងទីអារាមនេះ៕