(ព្រះសីហនុ)៖ រហូតមកដល់ល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ជន់ទឹកភ្លៀងក៏កំពុងវាយប្រហារខេត្តព្រះសីហនុយ៉ាងដំណំផងដែរ។ ប៉ុន្ដែមិនទាន់លិចលង់ធ្ងន់ធ្ងរនៅឡើយទេ ខណៈកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច មានទាំងនគរបាល អាវុធហត្ថ យោធា បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីចេញអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅវេលាម៉ោងជាង៥ល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអះអាងថា ដោយសារតែស្ថានភាពភ្លៀងធ្លាក់ខ្លាំងជាបន្ដបន្ទាប់ ធ្វើឲ្យជន់លិចនៅតំបន់មួយចំនួនក្នុងខេត្តព្រះសីហនុ នោះមាននៅក្រុងព្រះសីហនុ និងស្រុកព្រៃនប់។

លោកអភិបាលខេត្ដបានអះអាងថា ស្ថានភាពនៅស្រុកព្រៃនប់ កាលពីព្រឹកមិញ លោកបានដឹកនាំកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ដើម្បីជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលរងគ្រោះ ដោយក្នុងជម្លៀសស្ដ្រីមានផ្ទៃពោះ ចាស់ជរា និងក្មេងតូច ដោយទុកតែអ្នកមានកម្លាំងមាំទាំប៉ុណ្ណោះ ដើម្បីឲ្យពួកគាត់នៅមើលថែរក្សាផ្ទះសម្បែង និងការពារទ្រព្យសម្បត្តិ។

លោកបញ្ជាក់ថា ស្ថានភាពនៅស្រុកព្រៃនប់ រហូតមកដល់ពេលនេះ មិនទាន់មានអ្វីដែលព្រួយបារម្ភខ្លាំងនៅឡើយទេ ព្រោះមានទំនប់ចំនួន២ដែលជាផ្ទៃរងទឹកភ្លៀង ប៉ុន្ដែអ្វីដែលជាការ ព្រួយបារម្ភចំពោះមុខនោះលោកសង្កត់ថា ខ្លាចទំនប់ទាំងអស់នោះមិនអាចទ្រាំទ្រនៅចំនួនទឹកភ្លៀងដែលធ្លាក់យ៉ាងគំហុកនេះបាន។

ដោយឡែក សម្រាប់ស្ថានភាពនៅតាមសង្កាត់មួយចំនួន ក្រុងព្រះសីហនុវិញ ដោយសារតែកាលពីម្សិលមិញ មានភ្លៀងធ្លាក់ខ្លាំង រហូតដល់១៤៣,៥មីល្លីម៉ែត្រ ហើយគាប់ជួនជាមួយទឹក សមុទ្រជោរទៀតនោះ ទើបធ្វើឲ្យមានការលិចលង់តែម្ដង។ រហូតមកដល់ពេលនេះ ផ្ទះប្រជាពលរដ្ឋចំនួន៦០គ្រួសារហើយ ដែលរងនូវការវាយប្រហារដោយជំនន់ទឹកភ្លៀង។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា អ្វីដែលគំរាមកំហែងខ្លាំងជាងគេនោះគឺសង្កាត់លេខ១ នៅពេលនេះ គឺទំនប់នៅតំបន់ក្បាលឆាយ ព្រោះទំនប់នៅទីនោះមាន៤កន្លែង ប៉ុន្ដែទំនប់លេខ៣ កំពុងមានទឹកជន់លិចខ្លាំង ដូច្នេះហើយលោកបានណែនាំឲ្យកម្លាំងអាជ្ញាធរ បើកទ្វារទឹកទម្លាក់ទៅសមុទ្របណ្ដើរៗ ដើម្បីជម្លៀសបញ្ហាជន់លិចខ្លាំងជាងនេះ។

គួរជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថ្មីមួយ បញ្ជាក់អំពីស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ដែលប្រឈមជាមួយសម្ពាធទាបមកពីប្រទេសវៀតណាម នឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០៕