(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានតែងតាំងលោក Samiuela T. Tukuafu ជានាយកថ្មីប្រចំាប្រទេសកម្ពុជា ដោយនាយកថ្មីនេះ មានសញ្ជាតិតុងហ្គា ចូលកាន់តំណែងនេះជាផ្លូវការ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែល Fresh News ទទួលបាននៅថ្ងៃទី៤ ខែកុម្ភៈនេះ។
លោក Tukuafu ចូលមកកាន់តំណែងជំនួសលោក Eric Sidgwick ដែលត្រូវបានតែងតាំងជានាយកប្រចាំប្រទេស នៃស្ថានបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសវៀតណាម។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា ក្នុងតួនាទីថ្មីនេះ លោក Tukuafu នឹងដឹកនាំប្រតិបត្តិការរបស់ ADB ក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់ប្រទេសនេះ ពោលគឺការលើកកម្ពស់កំណើនប្រកបដោយបរិយាប័ន្នភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ លោកនឹងគ្រប់គ្រងលើការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB ២០១៤-២០១៨ សម្រាប់ប្រទេសកម្ពុជា ដែលស្របទៅតាមយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ដំណាក់កាលទី ៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របស់រដ្ឋាភិបាល។
លោក Tukuafu បានបញ្ជាក់ថា «ប្រទេសកម្ពុជាបានសម្រេចនូវកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាមានបញ្ហាប្រឈមពិសេសៗមួយចំនួនក៏ដោយ។ ខ្ញុំនឹងបន្តបំពេញការងារជាមួយនឹងរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងដៃគូពាក់ព័ន្ធដទៃទៀត ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប»។
មុននឹងទទួលបានការតែងតាំងជានាយកប្រចាំប្រទេសកម្ពុជា លោក Tukuafu បានបំពេញការងារជាប្រធានសេដ្ឋវិទូ នៅការិយាល័យអគ្គនាយក នៃនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB។ កន្លងមក លោកធ្លាប់ដឹកនាំការិយាល័យចាត់ចែងគម្រោងនៃផ្នែកគ្រប់គ្រងវិស័យសាធារណៈ វិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់នាយកដ្ឋានអាស៊ីអាគ្នេយ៍ និងធ្លាប់ដឹកនាំប្រតិបត្តិការការងារក្នុងវិស័យហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ។ ក្នុងរយៈពេលនេះ លោកបានធ្វើការងារយ៉ាងជិតស្និទជាមួយនឹងប្រទេសកម្ពុជា ចន្លោះពីឆ្នាំ ២០០៤ ដល់ ២០១២ ក្នុងនាមជាប្រធានក្រុមគម្រោង សម្រាប់កសាងវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាឡើងវិញ ក៏ដូចជាការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសំខាន់ៗមួយចំនួនផងដែរ។
លោក Tukuafu ធ្លាប់កាន់មុខតំណែងជាមន្ត្រីជាន់ខ្ពស់ ក្នុងវិស័យសាធារណៈ និងឯកជន ជាង ៣១ ឆ្នាំ។ មុននឹងចូលធ្វើការងារជាមួយ ADB លោក Tukuafu គឺជាទេសាភិបាលរងនៃធនាគារជាតិរបស់ប្រទេសតុងហ្គា ពីឆ្នាំ ១៩៩៥ ដល់ ២០០០។ លោកក៏ធ្លាប់កាន់តួនាទីជាប្រធានហិរញ្ញវត្ថុ និងទីផ្សារ ឲ្យធនាគារ Westpac ក្នុងប្រទេសតូហ្គា ជាសវនករជាន់ខ្ពស់ នៃក្រុមហ៊ុន Price Waterhouse (ឥឡូវនេះ មានឈ្មោះថា Price Waterhouse and Coopers) ក្នុងប្រទេសហ្វ៊ីជី និងជាអគ្គគណនេយ្យកររង និងជាប្រធានផ្នែកថវិកា នៃក្រសួងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រតុងហ្គាផងដែរ។
លោក Tukuafu មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ខាងពាណិជ្ជកម្ម (ធនាគារ និងហិរញ្ញវត្ថុសាជីវកម្ម) ពីសកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលី។ លោករៀបការហើយ មានកូន ២ នាក់ និងចៅ ២ នាក់៕