(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានក្រើនរំលឹកដល់មន្ទីរ អង្គភាព ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមមធ្យោបាយជួយសង្គ្រោះពលរដ្ឋ ក្នុងហេតុការណ៍ ដែលមានគ្រោះទឹកជំនន់កើតឡើងជាយថាហេតុ។
ការក្រើនរំលឹកបែបនេះ ខណៈលោកអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលើកទី៣០ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួមពីអាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពជំនាញ និងបណ្ដាកងកម្លាំងឯកភាព ក្នុងភូមិសាស្ត្រខេត្តកំពត។
លោក ជាវ តាយ អភិបាលខេត្ត បានថ្លែងថា នៅក្នុងបណ្ដាភូមិសាស្រ្តខេត្តកំពត មានភ្លៀងធ្លាក់នារយៈពេលប៉ុន្មានថ្ងៃនេះ ដូចបណ្ដារាជធានីមខេត្ត។ ពិសេសខេត្តជាប់តំបន់មាត់សមុទ្រផងដែរ។ ប៉ុន្តែតាមការសង្កេតជាក់ស្ដែង និងរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានក្រុងស្រុក ជំនន់ទឹកភ្លៀងមិនបានធ្វើឱ្យមានផលប៉ះពាល់ឬរងគ្រោះដោយគ្រោះមហន្តរាយអ្វីឡើយ។ នៅតាមដងព្រែកកំពត និងនៅទំនប់ទឹកវារីអគ្គិសនីកំចាយ ក៏ពុំបានធ្វើឱ្យកើតការព្រួយបារម្ភ ឬមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ផលដំណាំស្រែចំការ ឬអាយុជីវិតដល់មនុស្សសត្វអ្វីដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា «នៅពេលនេះ រដ្ឋបាលខេត្ត បានត្រៀមលក្ខណៈគ្រប់មធ្យោបាយ និងស្បៀងអាហារសម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ក្នុងហេតុការណ៍កើតឡើង ដោយគ្រោះជំនាន់ទឹកភ្លៀងនេះហើយផងដែរ»។
ទន្ទឹមគ្នានេះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកផ្ដាំផ្ញើដល់គ្រប់បណ្ដាអាជ្ញាធរក្រុងស្រុក អង្គភាពកងកម្លាំងប្រដាប់អាវុធ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្ត ត្រូវតែមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន ត្រៀមលក្ខណៈគ្រប់មធ្យោបាយចូលរួមសហការគ្នា ឲ្យបានសស្រាក់សស្រាំនៅចំពោះមុខហេតុការណ៍កើតឡើងដោយចៃដន្យ យើងមិនត្រូវធ្វេសប្រហែល ឬមើលស្រាលចំពោះបញ្ហា ទឹកជំនន់នេះ បានឡើយ ព្រោះគ្រោះធម្មជាតិ គ្មានអ្នកណាមើលបានដឹងមុនឡើយ។
ពិសេសអាជ្ញាធរក្រុងស្រុកត្រូវតែប្រុងប្រយ័ត្នយកចិត្តទុកដាក់ ត្រៀមលក្ខណៈបង្ការគ្រប់មធ្យោបាយ ទាំងទូក និងទូកកាណូតម៉ាស៊ីន ឬទីទួលសុវត្ថិភាព ស្បៀងអាហារថ្នាំពេទ្យ ដើម្បីទុកជួយ សង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋនៅពេលជួបហេតុការណ៍ គ្រោះមហន្តរាយដោយចៃដន្យុ ដោយសារជំនាន់ទឹកភ្លៀងនេះកើតឡើង គឺយើងមិនត្រូវទុកឱ្យ ប្រជាពលរដ្ឋណាម្នាក់ ទទួលរងគ្រោះ ឬស្លាប់ដោយយើងមិនបានយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋយើងឡើយ៕