(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន SIGNARE JEWELLRY CO.,LTD ឧបត្ថម្ភអង្ករចំនួន ៣តោន ដល់កាកបាទក្រហមកម្ពុជា ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសក្នុងស្ថានភាព គ្រោះទឹកជំនន់បច្ចុប្បន្ននេះ។
ក្នុងស្ថានភាពគ្រោះទឹកជំនន់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់សារអំពាវនាវដល់បងប្អូនជនរួមជាតិ៖
* មិនត្រូវចូលទៅក្នុងផ្ទះចាស់ ឬអាគារទ្រុឌទ្រោមព្រោះអាចប្រុតបាក់បែកបង្កឲ្យគ្រោះថ្នាក់
* មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹក ហើយនៅពេលធ្វើដំណើរដោយជិះទូក ឬកាណូតនៅពេលយប់ត្រូវមានភ្លើងបំភ្លឺ។
* ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈីក និងជំងឺផ្សេងៗ។
* ចំពោះស្រ្តីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមការកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើស្ត្រីគ្រប់ខែជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។
* ត្រូវនាំកូនៗរបស់លោកអ្នក ទៅចាក់ថ្នាំបង្ការតាមការកំណត់របស់គ្រូពេទ្យ និងផ្តល់អាហារដល់ពួកគេឲ្យបានត្រឹមត្រូវ។
* ត្រូវប្រុងប្រយ័ត្នចំពោះកុមារី និងក្មេងស្រីនៅទីទួលសុវត្ថិភាព ក្រែងមានអំពើហិង្សាផ្លូវភេទ។
* ត្រូវជួយមនុស្សចាស់ក្នុងក្រុមគ្រួសារលោកអ្នក និងមនុស្សចាស់ជិតខាង និងផ្តល់ការគាំទ្រដល់សមាជិកគ្រួសារ ឬកុមារពិការ ដូចជា ឈើច្រត់ រទេះរុញ ឬថ្នាំពេទ្យដែលគាត់កំពុងប្រើប្រាស់ជាប្រចាំមួយចំនួន ដែលជាតម្រូវការចាំបាច់របស់ពួកគាត់។
* ត្រូវប្រុងប្រយ័ត្នចៀសវាងនូវគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗមិនឲ្យចុះទឹក ពន្យល់កុមារពីគ្រោះថ្នាក់នៃការលង់ទឹក នាំកុមារទៅកន្លែងខ្ពស់ និងមានអ្នកថែទាំ ប្រើអាវពោង ឬប៊ីដុងជ័រគ្រប់ពេលកុមារចេញពីផ្ទះ។ ពេលធ្វើដំណើរតាមទូកមិនត្រូវដាក់ មនុស្សហួសកំរិត បើមានអ្នកណាម្នាក់លង់ទឹកត្រូវហៅជំនួយជាបន្ទាន់។
* ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអាសិរពិសផ្សេងៗ ដោយពិនិត្យឲ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរឧស និងគំនរឈើ។ ធ្វើដំណើរពេលយប់ ឬពេលធ្វើការងារត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង ចៀសវាងកន្លែងដែលមានស្មៅស៊ុបទ្រប់ និងដាច់ខាតមិនត្រូវយកដៃទៅចាប់ពស់ ឬសត្វអាសិរពិស។ ក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសទិច ឬខាំ ត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល។
* ដើម្បីចៀសវាងនូវជំងឺផ្សេងៗដូចជា ជំងឺរាក ជំងឺរាកមួល ពុល ជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ និងជំងឺដទៃផ្សេងទៀត
* ត្រូវបរិភោគទឹកស្អាតដោយប្រើធុងចម្រោះ ឬដាំទឹកឲ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្ខរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីន៥០០មីល្លីក្រាម ពីរគ្រាប់ អាចលាយទឹក ២០លីត្រ)។ ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាត អាហារចម្អិនឲ្យបានត្រឹមត្រូវ និងឆ្អិនល្អ គ្របអាហារឲ្យបានជិត ដើម្បីការពាររុយរោម និងធូលីដីហុយចូល ព្រមទាំងសម្អាតកន្លែងធ្វើម្ហូប និងសម្ភារផ្ទះបាយ ដូចជា ចាន ឆ្នាំង ស្លាបព្រា ខ្វះ កាំបិតជ្រុញឲ្យបានស្អាត។ លាងសម្អាតដៃជាមួយសាប៊ូឲ្យបានញឹកញាប់ មុន និងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។
* ត្រូវធ្វើអនាម័យខ្លួនប្រាណឲ្យបានស្អាត ដោយងូតទឹកដុសសាប៊ូ កក់សក់ និងបោកសម្លៀកបំពាក់ឲ្យបានស្អាត ចៀសវាងនូវជំងឺសើស្បែក ពងទឹក និងកមរមាស់ជាដើម៕