(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ រៀបចំទប់ស្កាត់ ការដំឡើងថ្លៃទំនិញ និងសេវាផ្សេងៗ នៅអំឡុងបុណ្យទន្លេ ដែលនឹងធ្វើឡើងរួមគ្នានៅខេត្តទាំងពីរនេះ រយៈពេល៣ថ្ងៃ ពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០១៦ខាងមុខ។

តាមការប្រកាសរបស់ក្រសួងទេសចរណ៍, ពិធីបុណ្យទន្លេឆ្នាំ២០១៦នេះ នឹងមានការរៀបចំព្រឹត្តិការណ៍សំខាន់ៗរួមមានការសម្តែង ទស្សនីភាពសិល្បៈ (ដែលអង្គប្រជុំបានពិភាក្សាលើ ទស្សនីភាពប្រវត្តិសាស្ត្រទាក់ទងទៅនឹងប្រវត្តិហ្លួងព្រះស្តេចកន និងប្រវត្តិភ្នំស្រី ភ្នំប្រុស មហោស្រពពិព័រណ៍ម្ហូបអាហារ (ទាំងម្ហូបអាហារអន្តរជាតិ និងប្រពៃណី) ព្រឹត្តិការណ៍កីឡា រួមមានកីឡាលើទឹកដូចជា ទូកប្រពៃណី កីឡាទូកក្តោង កីឡាហែលទឹកខ្នាតអន្តរជាតិ និងកីឡាលើគោកជាច្រើនទៀត ក្នុងគោលដៅទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋទៅកម្សាន្ត នៅខេត្តជាប់ដងទន្លេ។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យការត្រៀមរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា បុណ្យទន្លេឆ្នាំ២០១៦នេះ នឹងផ្សព្វផ្សាយនិងអប់រំទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ កសិទេសចរណ៍ ដោយផ្តោតលើប្រធានបទ «ទន្លេស្អាត សហគមន៍ល្អ» ដែលរៀចំនៅ២ខេត្តរួមគ្នាគឺនៅ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលជាខេត្តពោរពេញទៅដោយសក្តានុពលវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អសម្បូរបែប។

បុណ្យទន្លេ ត្រូវបានធ្វើឡើងជាលើកដំបូងនៅខេត្តក្រចេះរបស់កម្ពុជា កាលពីខែមីនា ឆ្នាំ២០១៥ ដោយទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវទេសចរទៅកម្សាន្ត នៅខេត្តនេះ ក៏ដូចជាខេត្តជាប់ដងទន្លេឱ្យកាន់តែច្រើនកុះករ។

លោក ថោង ខុន បានគូសបញ្ជាក់ថា ពិធីបុណ្យទន្លេជាឱកាសដើម្បីបង្កើត និងផ្សព្វផ្សាយផលិតផលទេសចរណ៍ថ្មី ពិសេស ផលិតផលកសិទេសចរណ៍ និងលើកស្ទួយផលិតផលក្នុងស្រុក ផលិតផលកសិកម្ម ផលិតផលសិប្បកម្មខ្នាតតូច និងមធ្យម រួមចំណែកដល់ការអភិវឌ្ឍសហគមន៍ និងកាត់បន្ថយភាពក្រីក្រ គឺធ្វើយ៉ាងណាឲ្យចំណូលពីទេសចរបាន ដល់ដៃប្រជាពលរដ្ឋមូលដ្ឋានផ្ទាល់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានស្នើឲ្យមន្ទីរទេសចរណ៍ខេត្តទាំងពីរយកចិត្តទុកដាក់ សហការជាមួយម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងស្នើឲ្យម្ចាស់អាជីវកម្ម ចូលរួមអនុវត្តតាមគោលនយោបាយ របស់ក្រសួងទេសចរណ៍ ដោយមិនតម្លើងថ្លៃសេវាកម្មហួសហេតុពេក៕