(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណរុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានលើកឡើងថា បើសង្ស័យមានបញ្ហាមិនប្រក្រតី អំឡុងពេលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ត្រូវដាក់ពាក្យបណ្តឹងតាមនីតិវិធី មិនមែនទៅបញ្ឆេះតាមបណ្តាញសង្គម ឲ្យយុវជនស្អប់ខ្ពើមស្ថាប័នជាតិទេ។
ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាននៅមុខសាលាសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ លោក ឌឹម សុវណ្ណរុំ បានឲ្យដឹងថា ការដាក់ ការទទួល និងដោះស្រាយពាក្យបណ្តឹងមាន ៣ដំណាក់កាល រួមមាន៖
* ដោះស្រាយនៅថ្នាក់ កបឃ.ស
* ដោះស្រាយនៅ គ.ជ.ប
* ដោះស្រាយនៅក្រុមប្រឹក្សាធម្មនុញ្ញ (សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា)។
លោក ឌឹម សុវណ្ណរុំ មានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណបក្សនយោបាយ គាត់មានសិទ្ធិដាក់ពាក្យបណ្តឹង អ្វីដែលបានកើតឡើងក្នុងពេលចុះឈ្មោះបោះឆ្នោត មានចំណុចណាដែលឃើញថា មានការខុសឆ្គង គាត់អាចដាក់ពាក្យបណ្តឹង»។
លោកបន្តថា គ.ជ.ប តែងតែសហការជាមួយភាគីពាក់ព័ន្ធឲ្យបានល្អជានិច្ច ហើយខ្លួននឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះការចុះ ឈ្មោះបោះឆ្នោត ការបញ្ជូនលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមក គ.ជ.ប បណ្តឹងទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោត ដំបូងផងដែរ។ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅវេលាម៉ោង ១០៖នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកបន្ថែមថា «នៅពេលដែលយើងជាមួយនឹងភាគីពាក់ព័ន្ធ។ នៅពេលដែលយើងជួបជាមួយភាគីពាក់ព័ន្ធ, ភាគីពាក់ព័ន្ធទាំងអស់អាចលើកជាសំណើ និងលើកជាសំណូមពរ ការត្រួតពិនិត្យរបស់ខ្លួន ស្នើមកគ.ជ.ប។ គ.ជប នឹងពិនិត្យមើលជាក់ស្តែង»។
លោក ឌឹម សុវណ្ណរុំ បានអំពាវនាវឲ្យដាក់ពាក្យបណ្តឹង បើសិនជាភាគីពាក់ព័ន្ធរកឃើញអ្វីខុសឆ្គង។ លោកថ្លែងថា ការធ្វើតាមនីតិវិធី វាប្រសើរជាងការវាយប្រហារ លើស្ថាប័នជាតិ ដែលធ្វើការងារស្របតាមរដ្ឋធម្មនុញ្ញ។
សូមបញ្ជាក់ថា គ.ជ.ប នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការមួយ ដោយណែនាំទៅគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យថា ការបញ្ឆេះឲ្យយុវជនស្អប់ខ្ពើមស្ថាប័នជាតិ និងជាតិសាសន៍ខ្លួនឯងដល់ឆ្អឹង ល្មមគ្រប់គ្រាន់ហើយ សម្រាប់ជាតិសាសន៍ខ្មែរ។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពី គ.ជ.ប កត់សម្គាល់ឃើញថា អំឡុងពេលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ គណបក្សមួយនោះ ដើម្បីតែប្រជាប្រិយភាពរបស់ខ្លួន បានធ្វើសកម្មភាពតាមរយៈភ្នាក់ងាររបស់ខ្លួន និងតាមបណ្ដាញសង្គម ដោយធ្វើការវាយប្រហារមកលើស្ថាប័ន គ.ជ.ប និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដោយគ្មានមូលដ្ឋានត្រឹមត្រូវ គ្រប់គ្រាន់ ក្នុងគោលបំណងបញ្ឆេះយុវជនឱ្យស្អប់ខ្ពើមស្ថាប័នជាតិ និងជាតិសាសន៍ខ្លួនឯង។
បើតាម គ.ជ.ប, គោលដៅចម្បងបំផុតរបស់ខ្លួន គឺបម្រើប្រជាពលរដ្ឋទូទៅដោយគ្មានការរើសអើង ពោលគឺប្រជាពលរដ្ឋគ្រប់រូបឱ្យតែដល់អាយុបោះឆ្នោត ត្រូវតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ឈ្មោះក្នុងបញ្ជីនោះត្រូវតែត្រឹមត្រូវអាចបោះឆ្នោតបាន ហើយនៅពេលបោះឆ្នោតគ្មានការគំរាមកំហែង ពិសេសសំឡេងឆ្នោតគ្រប់គ្នាត្រូវតែបានរាប់យ៉ាងត្រឹមត្រូវតាមឆន្ទៈ ដែលប្រជាពលរដ្ឋបានសម្តែង៕