(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិស្តីពី ទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ ក្នុងឱកាសនៃមហាសន្និបាតប្រចាំឆ្នាំ២០២០ របស់មូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោក (IMF-WB) តាមរយៈប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅលើស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បញ្ហាប្រឈម និងគោលនយោបាយឆ្លើយតប ដើម្បីស្តារសេដ្ឋកិច្ចក្នុងភាពមិនច្បាស់លាស់នៅឡើយ។
ជារួមកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករឡើងវិញថា នឹងធា្លក់ចុះក្នុងកម្រិត -២.២% ហើយយោងតាមការការព្យាករថ្មីរបស់ IMF សេដ្ឋកិច្ចពិភពលោកមានភាពល្អជាងមុនបន្តិច ដោយអាចមានកំណើន -៤.៤% ធៀបនឹងការព្យាករគ្រាមុន -៤.៩%។
នាឱកាសនោះ ប្រទេសសមាជិកក្នុងតំបន់ក៏បានស្នើសុំឱ្យ IMF បន្តជួយគាំទ្រតាមរយៈការតាមដានស្ថានភាពសេដ្ឋកិច្ច និងផ្តល់អនុសាសន៍ ដើម្បីគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចឡើងវិញ, ផ្តល់ហិរញ្ញប្បទានគាំទ្រ សម្រាប់បង្ការនិងដោះស្រាយវិបត្តិក្នុងស្ថានភាពដែលជញ្ជីងទូទាត់ទទួលរងនូវផលប៉ះពាល់ខ្លាំង ព្រមទាំងបន្តផ្តល់ជំនួយបច្ចេកទេស និងអភិវឌ្ឍធនធានមនុស្ស៕