(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញវត្តមានចុះពិនិត្យស្ថានភាព និងការជួយសង្គ្រោះ ប្រជាពលរដ្ឋនៅតំបន់ដែលរងនូវការវាយប្រហារដោយទឹកជំនន់ នៅមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ។
អញ្ជើញអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ នាឱកាសនោះ រួមមាន ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលប្រចាំការជាប់នៅតំបន់ជួយសង្គ្រោះ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានដាក់បទបញ្ជា និងក្រើនរំលឹកដល់កងកម្លាំងជួយសង្គ្រោះទាំងអស់ ពិសេសកងយោធពលខេមរភូមិន្ទ ត្រូវតែខិតខំធ្វើយ៉ាងណាជួយ សង្គ្រោះប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់បំផុត ដោយមិនត្រូវធ្វើការធ្វេសប្រហែសឡើយ។
គួរជម្រាបថា ដំណើរចុះពិនិត្យស្ថានភាពរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានចុះពិនិត្យស្ថានភាពនេះដោយផ្ទាល់ ដើម្បីឃើញជាក់ច្បាស់អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលឈរជើងជាប់ជាប្រចាំនៅតំបន់រងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានអះអាងថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង៥,០០០គ្រួសារហើយ ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព ជាមួយការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅកន្លែងជួយសង្គ្រោះ លោក ឃួង ស្រេង បានបញ្ជាក់ថា ផែនការទី១ នៃការសង្គ្រោះប្រជាពលរដ្ឋកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានរួមដៃគ្នាអនុវត្តទទួលបានជោគជ័យ និងគ្រប់គ្រងបានគ្រប់ស្ថានការណ៍ទាំងអស់។ ពលរដ្ឋដែលត្រូវជម្លៀសមកកន្លែងមានសុវត្ថិភាពនេះ រួមមាន នៅខណ្ឌកំបូល, ពោធិ៍សែនជ័យ និងខណ្ឌដង្កោ ដែលរងគ្រោះច្រើនជាងគេ៕