(ភ្នំពេញ)៖ ពិព័រណ៍ផលិតផលថៃ ដែលមានឈ្មោះថា «ថបថៃប្រេន២០១៦» ដែលរៀបចំដោយ ក្រសួងពាណិជ្ជកម្មថៃ ត្រូវបានសម្ពោធ ជាផ្លូវការហើយ នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតិភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជា ។ ពិព័រណ៌ពាណិជ្ជនេះ មានចូលរួមពីក្រុមហ៊ុន មានផលិតផលល្បីៗ ចំនួនជាង២០០ក្រុមហ៊ុន និង២៥០ស្តង់មកដាក់តាំង បង្ហាញត្រូវវបានធ្វើឡើង នៅមជ្ឈមណ្ឌលសន្និសីទ ពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកុម្ភៈនេះ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា «ពិព័រណ៍ពាណិជ្ជកម្មថៃប្រចំាឆ្នាំ ជាបន្តបន្ទាប់នៅកម្ពុជា គឺជាសញ្ញា វិជ្ជមានមួយ នៃការអភិវឌ្ឈន៍ពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្ម នៃប្រទេសទំាងពីរ បានរួមសហការពង្រីង និងពង្រីក ទំនាក់ទំនងគ្នា រវាងពាណិជ្ជកម្មទ្វេភាគី»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ជាក់ស្តែងនៅឆ្នាំ២០១២ ទំហំពាណិជ្ជកម្មទ្វេភាគី របស់ប្រទេសទំាងពីរ សម្រេចបានប្រមាណ ៤០២៧,៧៣លានដុល្លារ កើនដល់ ៤៧១១,៥៥លានដុល្លារ ឆ្នាំ២០១៣ និងបន្តកើនដល់ ៥១១៥,៥៩ដុល្លារ ឆ្នាំ២០១៤ ហើយស្តិត ក្នុងកម្រិតប្រហាក់ប្រហែលគ្នា គឺ ៥១០៦,៥១លានដុល្លារ ក្នុងឆ្នាំ២០១៥។ តួលេខពាណិជ្ជកម្ម ដែលកំពុងមានការកើនឡើង ជារៀងរាល់ឆ្នាំនេះ គឺដោយសារតែទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម នៃប្រទេសទំាងពីរ មានភាពល្អប្រសើរ ព្រមទំាងមានការចូលរួម យ៉ាងសកម្មពីរផ្នែកឯកជន ជាពិសេសបណ្តាល ពាណិជ្ជករនៃ ប្រទេសទំាងពីរ។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជឿជាក់ថា ទំនាក់ទំនងកម្ពុជា និងថៃ នឹងត្រូវថែរក្សាយ៉ាងល្អបន្តទៀត នាឆ្នាំខាងមុខ ដោយសារ ការចូលរួមយ៉ាងពេញលេញ ពីផ្នែកឯកជន និង រាជរដ្ឋាភិបាលនៃប្រទេសទំាងពីរ។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សាពាណិជ្ជកម្ម ស្ថានទូតថៃប្រចាំកម្ពុជា ធ្លាប់បានបញ្ជាក់ថា ក្នុងពិព័រណ៍ពាណិជ្ជកម្មថៃ ធ្វើឡើងនៅកោះពេជ្រនេះ បានជ្រើសរើស មុខទំនិញថៃ ដែលមានម៉ាកយីហោល្បីៗ មកពីក្រុមហ៊ុនចំនួន២៥០ ក្នុងចំណោមក្រុមហ៊ុន ដែលបានដាក់ពាក្យចំនួន ៦០០ក្រុមហ៊ុន។ ក្រុមហ៊ុនថៃ ទាំងអស់ បានចាប់អារម្មណ៍ទីផ្សារកម្ពុជា ព្រោះតែពួកគាត់យល់ថា ទីផ្សារកម្ពុជាអាចឲ្យគាត់ពង្រីក ការចែកចាយផលិតផល របស់ខ្លួនបាន ដូចជា សម្ភារសំណង់ ផលិតផលតុបតែងផ្ទះ និងគ្រឿងអគ្គិសនី ជាដើម។
សូមជម្រាបថា ទំនិញដែលត្រូវបានដាក់តាំងបង្ហាញ និងលក់ក្នុងពិព័រណ៌នោះរួមមាន សម្រាប់គេហដ្ឋាន មានចំនួន ៧១ស្តង់, សម្ភារសំណង់១៨ស្តង់, គ្រឿងសម្អាងនិងសុខភាព៨ស្តង់, សម្លៀកបំពាក់៥៩ស្តង់, គ្រឿងបន្លាស់រថយន្ត ជាពិសេសសម្រាប់មុខម្ហូប អាហារមាន ៨៥ស្តង់៕