(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានសម្រេចផ្អាកការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវខេត្តលេខ២៦៥បេ, ២៧១៨, ២៦២០, ២៦៤ដេ, ២៦៤៥១ និងផ្លូវជាតិលេខ ៥០សេជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ក្នុងគោលបំណង ដើម្បីចូលរួមថែរក្សា ផ្លូវ ស្ពាន និងធានាដល់សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរផងដែរ។

តាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការផ្អាកធ្វើការចរាចរណ៍ រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទនេះ ដោយសារស្ថានភាព គ្រោះទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឲ្យទឹកលិចកំណាត់ផ្លូវខេត្ត និងផ្លូវជាតិមួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ក្នុងស្ថានភាពបែបនេះ ធ្វើឲ្យផ្លូវស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកជញ្ជូនធុនធំបាននោះទេ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ដកំពង់ធំ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ក៏បានចេញសេចក្តីជូនដំណឹង ស្តីពីការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ ក្នុងខេត្តផងដែរ។

ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា យោងតាម សេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រទេសកម្ពុជានឹងបន្តទទួលរងនូវ វិសម្ពាធ និងសម្ពាធទាប ដែលជាឥទ្ធិពលនៃព្យុះទី១៧ ឈ្មោះសូដែល។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ក្នុងខេត្តកំពង់ធំ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដែលអាចធ្វើឲ្យកម្ពស់ទឹក នៅតាមស្ទឹងនានាក្នុងខេត្ត មានការហក់ដល់កម្រិតប្រកាសអាសន្ន៖

១.ស្ទឹងស្ទោង៖ ត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹកឡើងដល់៥,៧០ម៉ែត្រ (កម្រិតប្រកាសអាសន្ន ៥,៨០ម៉ែត្រ)។

២.ស្ទឹងសែន៖

* ស្ថានីយ៍វាស់កម្ពស់ទឹកស្រុកសណ្តាន់៖ ត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹក
ឡើងដល់ ១៨,១៦ម៉ែត្រ (កម្រិតប្រកាសអាសន្ន ១៨,៥០ម៉ែត្រ)
* ស្ថានីយ៍វាស់កម្ពស់ទឹកក្រុងស្ទឹងសែន៖ ត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹក
ឡើងដល់ ១៣,០៥ម៉ែត្រ (កម្រិតប្រកាសអាសន្ន ១៣,៥០ម៉ែត្រ)

ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមសាធារណជន ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសែន និងស្ទឹងស្ទោង មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំសម្ភារ និងឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាពនៅក្បែរបំផុត និងសូមរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានគ្រោះថ្នាក់ណាមួយកើតឡើង។

លើសពីនោះទៀត រដ្ឋបាលខេត្ដកំពង់ធំ ក៏បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តតាមដានស្ថានភាពទឹកជំនន់នេះ និងរៀបចំទីទួលសុវត្ថិភាពសមរម្យ និងត្រៀមឧបករណ៍ចាំបាច់ សម្រាប់សង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ៕