(ភ្នំពេញ)៖ មានករណីទំនាស់រវាងកូននឹងម្តាយមិនចុះសម្រុងនឹងគ្នាអស់រយៈពេល៣ឆ្នាំមកហើយ ដោយសារម្តាយមិនចង់អោយកូនបែកចេញពីផ្ទះ មិនចង់អោយកូនមានប្តីចំណាស់អាយុជាង ៦០ឆ្នាំ ហើយជាប្តីគេថែមទៀត។ ម្តាយមានអារម្មណ៍សង្ស័យលើបុរសវ័យចំណាស់អាយុជាង ៦០ឆ្នាំ ម្នាក់ដែលធ្លាប់បានល្បួងលួងលោមកូនស្រីគាត់ជាច្រើនលើកច្រើនសារដោយប្រើទឹកប្រាក់ទាក់ទាញយកទៅលាក់ទុកទីកន្លែងមួយនៅទីក្រុងភ្នំពេញ។
កន្លងមក មីង អោម អឹម ធ្លាប់ម៉ៅចំការស្វាយ បុរសវ័យចំណាស់ម្នាក់ នៅខេត្តកំពង់ស្ពឺធ្វើអាជីវកម្ម ប៉ុន្តែមានការខាតបង់អស់ជាង ១ម៉ឺនប្រាំពាន់ដុល្លារ។ គាត់ធ្លាប់បានខ្ចីលុយបុរសនោះមួយចំនួនយកទៅដោះស្រាយបញ្ហាចំការ។ មីង អោម អឹម តែងយកកូនស្រីឈ្មោះ ស្រីពៅទៅធ្វើចំការជាមួយគាត់ ហើយបុរសវ័យចំណាស់នោះក៏ធ្លាប់មានទំនាក់ទំនងល្អជាមួយគាត់ទៀតផង ដែលគាត់អះអាងថាបានរាប់អានគ្នាដូចជាគ្រួសារតែមួយ។ ដោយសារការរាប់អានគ្នា បុរសវ័យចំណាស់បានអោយលុយ មីង អោម អឹម ខ្ចីប្រើប្រាស់ដោះស្រាយការងារចំការស្វាយ ប៉ុន្តែមិនមានក្រដាស់ស្នាមខ្ចីជាក់លាក់ថាមានចំនួន ឡើយ។
តាមការបញ្ជាក់របស់ មីង អោម អឹម គឺបុរសវ័យចំណាស់តែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយកូនស្រីដោយបង្ហាញពីលុយ សម្ភារៈ គ្រឿងអលង្ការ ដែលធ្វើអោយគាត់មានការសង្ស័យយ៉ាងខ្លាំង ដោយក្នុងរយៈពេលកន្លងមកបុរសវ័យចំណាស់ម្នាក់នេះបានលួងយកកូនគាត់មកនៅភ្នំពេញទៀតផង។ មីង អោម អឹម បានមកហៅកូនអោយចេញពីផ្ទះដែលបុរសវ័យចំណាស់បានយកមកលាក់ទុក អោយវិលទៅផ្ទះវិញ។ សកម្មភាពបែបបនេះបានកើតមានជាច្រើនសារ ដែលក្នុងពេលមួយនោះគឺបុរសវ័យចំណាស់បានណាត់កូនស្រីគាត់មកមាត់ទន្លេ គាត់តាមមកទាន់ក៏បានជេរស្តីអោយបញ្ឈប់ល្បួងកូនគាត់យកមកទៀត ដែលបានធ្វើអោយបុរសវ័យចំណាស់ខឹងយ៉ាងខ្លាំង។ ដោយសារតែបញ្ហានេហហើយ គឺបានធ្វើអោយទំនាក់ទំនងរាប់អានគ្នាក្លាយជាសត្រូវទៅវិញ។ កាលពីខែមិនា ២០២០ កន្លងទៅ កូនស្រីមីង អោម អឹម ក៏បានបាត់ពីផ្ទះទៀត ដែលធ្វើអោយគាត់យំនឹកកូនមិនដឹងគេយកទៅលាក់ទុកនៅទីណា នៅរស់ ឬស្លាប់បាត់ទៅហើយ។
បុរសវ័យចំណាស់ម្ចាស់ចំការក៏ធ្លាប់បានប្តឹងមីង អោម អឹម ឡើងតុលាការអោយសងលុយជំពាក់ ចំនួន $2,009 ។ មីងជាម្តាយក៏ធ្លាប់បានយល់ព្រមសង ទោះបីមិនមែនជាតួលេខខ្ចីពិតប្រាកដក៏ដោយ។ ក្នុងពេលឡើងតុលាការព្រមព្រៀងគ្នាសងលុយ មីង អោម អឹម បានសុំបុរសវ័យចំណាស់ឈប់ល្បួងកូនស្រីគាត់យកចេញពីផ្ទះទៀត ព្រោះគាត់មានប្រពន្ធរួចហើយ។ ប៉ុន្តែនៅពេលមីង អោម អឹម យកលុយទៅបង់សង បុរសវ័យចំណាស់បែរជាប្រកែកមិនព្រមយកវិញ។ ទើបបណ្តាលអោយមានរឿងរ៉ាវកើតឡើងជាបន្តបន្ទាប់ រហូតដល់កូនស្រីគាត់បាត់ចេញពីផ្ទះជាលើកចុងក្រោយអស់រយៈពេលជាង៦ខែ កាលពីខែមិនា ២០២០ រហូតដល់ ថ្ងៃទី ១៣ តុលា ២០២០ នេះទើបរកឃើញវិញក្រោយពីបានដាក់ពាក្យគោរពសុំជំនួយពីសម្តេចតេជោ។
នៅពេលដែលបាត់កូន ឪពុកម្តាយភ័យយ៉ាងខ្លាំងមិនដឹងថាកូនស្រីគាត់ត្រូវបានគេល្បួងយកទៅសម្លាប់ឬបង្ខាំងលាក់ទុកនៅទីណា ព្រោះបាត់ដំណឹងកូនឈឹងតែម្តង។ នៅពេលដែលមានកាសែតចុះផ្សាយម្តងៗថាមាននារីវ័យ២០ឆ្នាំ ស្លាប់ គាត់តែងតែអោយកូនប្រុសទៅមើលមុខសពដើម្បីពិនិត្យថាតើជាកូនគាត់ឬមិនមែន។ គាត់បានប្តឹងទៅប៉ុស្តិនគរបាលដែរ តែនៅតែរកមិនឃើញ ។ ទើបចុងក្រោយគាត់ក៏សម្រេចចិត្តទាំងទឹកភ្នែកដាក់លិខិតគោរពស្នើសុំ សម្តេចតេជោនាយករដ្ឋមន្រ្តីមេត្តាជួយគ្រួសារគាត់ផង កាលពីថ្ងៃទី ៥ តុលា ២០២០។
ក្រោយពីបានទទួលការអនុញ្ញាត្តិដ៏ខ្ពង់ខ្ពង់ខ្ពស់ពីសម្តេចតេជោ លោកដួង តារា ជំនួយការផ្ទាល់ បានជួបមីងជាម្តាយឈ្មោះ អោម អឹម អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិត្រពាំងផ្លុង ខេត្តតាកែវ ដែលបានបាត់កូនស្រីឈ្មោះ ឃុន ពោធិ (ហៅស្រីពៅ) អាយុ ២៣ឆ្នាំអស់រយៈពេល៦ខែកន្លងមកនេះ។ មីង អោម អឹម បាននិយាយរាបរាប់ទាំងទឹកភ្នែកហូរដោយក្តីនឹករឮកកូនស្រីជាពន់ពេក ព្រោះមិនដឹងថាកូននៅទីណា ស្លាប់ឬរស់។ មីង អោម អឹម បានផ្តល់ព័ត៌ដល់ លោក ដួង តារា អំពីបុរសវ័យចំណាស់អាយុជាង ៦០ឆ្នាំ ដោយភ្ជាប់ជាមួយនឹងលេខទូរស័ព្វរបស់គាត់ ដោយបញ្ជាក់ថាគាត់មានការសង្ស័យខ្លាំងលើបុរសអាយុជាង៦០ឆ្នាំម្នាក់នេះដែលជាម្ចាស់ចំការស្វាយ ដែលធ្លាប់បានលួងលោមកូនស្រីគាត់យកចេញពីផ្ទះជាច្រើនសារមកហើយ។
ដោយមានតម្រុយខ្លះៗអំពីបុរសវ័យចំណាស់ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ បានទូរស័ព្វសួរនាំគាត់ពីដំណើររឿងម្តាយ និងកូនខាងលើ ហើយស្នើសុំអោយគាត់សហការជួយរកកូនស្រីមីង អោម អឹម អោយឃើញមកវិញ។ បុរសវ័យចំណាស់បានព្យាយាមឆ្លើយដោះសារថាអត់បានដឹងអីទេ ដោយបានចោទត្រឡប់មកវិញថា មីង អោម អឹម និយាយកុហក់ប្រឌិតរឿងមិនពិតដែលធ្វើអោយប៉ះពាល់កិត្តិយសគាត់។ ប៉ុន្តែបន្ទាប់មកបុរសចំណាស់ក៏បានសន្យាថានឹងជួយទាក់ទងទៅអ្នកស្គាល់គ្នាមួយចំនួន ដើម្បីជួយរកប្អូនស្រីពៅមកវិញ។
នៅថ្ងៃទី ១២ តុលា ២០២០ ស្រីពៅ បានទូរស័ព្វមក លោក ដួង តារា ជាលើកដំបូងដោយបានប្រាប់ពីសុខទុក្ខ ហើយប្រាប់ពីទីកន្លែងដែលគាត់បានរស់នៅ។ ទន្ទឹមនឹងនោះ ស្រីពៅ បានប្រាប់ថាខ្លួនមិនទាន់ចង់ជួបម្តាយនៅឡើយទេ ដោយមិនបានប្រាប់ពីមូល។ ក្រោយពី លោក ដួង តារា បានជួបជាមួយ ប្អូនស្រីពៅ ដោយផ្ទាល់ហើយ គាត់ក៏បានទូរស័ព្វទៅប្រាប់ម្តាយអោយបានដឹងថាកូនស្រីនៅរស់ទេ សុំអោយម្តាយឡើងពីខេត្តតាកែវមកជួបកូនស្រីនៅភ្នំពេញជាបន្ទាន់។
នៅព្រឹកថ្ងៃទី ១៣ តុលា មីង អោម អឹម ជាម្តាយ (មកជាមួយកូនប្រុស និងពូ) បានមកជួបកូនស្រីពៅ នៅវិមានសន្តិភាព។ លោក ដួង តារា បានសម្រុះសម្រួលម្តាយ និងកូនស្រី ហើយក៏បានឈានទៅបញ្ចប់វិវាទទំនាស់គ្រួរសារនេះចប់ជាស្ថាពរ ក្នុងនោះភាគីទាំងពីរបានយល់ព្រមបើកទំនាក់ទំនងគ្នារវាងម្តាយនិងកូនជាធម្មតាឡើងវិញ ភាគីទាំងពីរបានសន្យាផ្តល់ដំណឹងអោយគ្នាទៅវិញទៅមក ទោះបីរស់នៅទីណាក៏ដោយ។ រីឯម្តាយក៏បានយល់ដឹងពីកូនខ្លួនកាន់តែច្រើនឡើងៗ ហើយសន្យាឈប់បិទសិទ្ធិសេរីភាពក្នុងការរស់នៅ ការជ្រើសរើសគូស្រករ និងការរកការងារធ្វើរបស់កូន។ ប៉ុន្តែទន្ទឹមនឹងនោះម្តាយសុំកូនឈប់ចាញ់ល្បិចកល់បោករបសដ់បុរសចំណាស់អាយុជាង៦០ឆ្នាសំតទៅទៀត ព្រោះបុរសចាស់នេះមានប្រពន្ធហើយ។
ក្រោយពីផ្តិតមេដៃបញ្ចប់វិវាទរវាងម្តាយនិងកូនទាំងស្រុងរួចហើយ ក្រុមគ្រួសារបាននាំគ្នាទៅហូបអាហារជាមួយគ្នាក្នុងបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ ជាពិសេសគឺម្តាយមានសេចក្តីត្រេកអរយ៉ាងខ្លាំងរកអ្វីប្រៀបមិនបាន ដែលបានជួបមុខកូននៅរស់រានមានជីវិតសារជាថ្មី ហើយបានសន្យាខិតខំថែរក្សាកូន នឹងកសាងទំនាក់ទំនងសុភមង្គលគ្រួសារអោយកាន់តែល្អប្រសើរឡើងវិញ។ មីង អោម អឹម ក៏បានប្តេជ្ញាសងប្រាក់ជំពាក់ទៅ លោក គីម គង់ ប្រសិនបើមានក្រដាស់ស្នាមបញ្ជាក់ថាគាត់ពិតជាជំពាក់លុយបុរសចាស់នោះចំនួន $2009 ពិតប្រាកដមែន ប៉ុន្តែគាត់ស្នើសុំ បុរសចំណាស់នេះ កុំធ្វើបាបក្រុមគ្រួសារគាត់តទៅទៀត ឈប់ល្បួងកូនស្រីគាត់ទៀត។ លោក ដួង តារា នឹងបន្តសម្របសម្រួលជាមួយបុរសចំណាស់ និងមីង អោម អឹម អោយបញ្ចប់រឿងទាំងអស់ដើម្បីសេចក្តីសុខរៀងៗខ្លួន។
ក្រុមគ្រួសារមីង អោម អឹម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាគ្រប់ជំពូករបស់ប្រជាពលរដ្ឋមិនថាតែបញ្ហាវិវាទដីធ្លីទេ សូម្បីតែបញ្ហាវិវាទក្នុងគ្រួសារដូចនេះក៏សម្តេចលោកជួយដែរ អោយតែបានករណីនោះបានមកដល់ដៃសម្តេច។
លោក ដួង តារា ជំនួយការផ្ទាល់ ក៏បានគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី យ៉ាងជ្រាលជ្រៅបំផុត ដែលសម្តេចបានផ្តល់ឱកាសអោយលោកបានចូលរួមជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ករណីនេះ អាចជាមេរៀនដ៏ល្អសម្រាប់គ្រួសារទូទៅអោយបានយល់ដឹង ដើម្បីរួមគ្នាកសាងសង្គមគ្រួសារប្រកបដោយសុខដមរម្យនា ជាមួយសីលធម៍ និងសេចក្តីថ្លៃថ្នូរល្អក្នុងសង្គម៕